(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាស្វាគមន៍ និងលើកទឹកចិត្តដល់សហព័ន្ធជាតិ-អន្តរជាតិ ក្នុងការបង្កើតកម្មវិធីប្រណាំងយានយន្តអន្តរជាតិ ឆ្លងកាត់ប្រទេសកម្ពុជាឲ្យបានញឹកញាប់ ពិសេសតំបន់អភិរក្សព្រៃឈើ តំបន់ទេសចរណ៍ ក៏ដូចជាតំបន់ក្រវាត់ព្រំដែនជាដើម ខណៈកម្ពុជាកំពុងមានសន្តិសុខ និងសន្តិភាពពេញលេញ។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីពិសាអាហាររួមគ្នាមួយនៅកោះពេជ្រ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដែលមានក្រុមកីឡាករប្រណាំងរថយន្ត និងទោចក្រយានយន្តអន្តរជាតិចំនួន ១០ប្រទេសចូលរួម មុនពិធីប្រគល់ពានរង្វាន់ និងមេដាយជូនជ័យលាភី នៃព្រឹត្តិការណ៍ប្រណាំងយានយន្ត Asia Cross Country Rally 2018។
លោក សាយ សំអាល បានថ្លែងយ៉ាងដូច្នេះថា «ការប្រណាំងនេះធ្វើដំណើរឆ្លងកាត់តំបន់អភិរក្ស ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយយើងខ្ញុំចង់ឲ្យកម្មវិធីប្លែកៗ រួមទាំងកម្មវិធីប្រណាំងយានយន្តនេះ កើតមានឡើងនៅកម្ពុជាឲ្យបានច្រើនដង ហើយឲ្យមាននៅតាមតំបន់ផ្សេងៗ ដូចជាតំបន់អភិរក្សរបស់ក្រសួងបរិស្ថាន»។
លោកបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានតំបន់អភិរក្សចំនួន ៧.៥លានហិកតា ដែលភាគច្រើននៅតំបន់ទាំងនោះមានផ្លូវតភ្ជាប់រួចស្រេចហើយ រីឯបញ្ហាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាបក៏កំពុងមានភាពល្អប្រសើរពេញផ្ទៃប្រទេសផងដែរ គួបផ្សំនឹងទេសភាពដ៏ស្រស់ត្រកាលគួរជាទីទាក់ទាញ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈកម្មវិធីប្រណាំងយានយន្តលក្ខណៈអន្តរជាតិនេះ ក៏បានជួយបង្កើនចំណូលទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍អេកូទេសចរណ៍ សហគមន៍អភិរក្សព្រៃឈើជាដើម ដែលជំរុញឲ្យពួកគាត់ងាកចេញពីការពឹងផ្អែកលើការទាញយកផលប្រយោជន៍ពីព្រៃឈើទាំងស្រុង ដែលទាំងនេះហើយ គឺជាគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលបំណងសកលលោកផងដែរ។
លោករដ្ឋមន្ត្រីក៏បានកោតសរសើរព្រឹត្តិការណ៍ Asia Cross Country Rally 2018 នេះថា មិនត្រឹមតែជួយផ្សព្វផ្សាយកិត្យានុភាពកម្ពុជាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងបានសហការយ៉ាងជិតស្និទ្ធក្នុងការចូលរួមផ្សព្វផ្សាយពីការអភិរក្សព្រៃឈើ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យអេកូទេសចរណ៍នៅកម្ពុជាទៀតផង។
លោកបានលើកជាគំនិតយោបល់ថា សម្រាប់ព្រឹត្តិការណ៍ប្រណាំងយានយន្តនាឱកាសក្រោយៗ គប្បីដំណើរការប្រណាំងតាមផ្លូវក្រវាត់ព្រំដែននៃប្រទេសកម្ពុជា ចាប់ពីព្រំដែនខេត្តកោះកុង ឡើងទៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ រហូតដល់ចំណុចកន្ទុយនាគនៃខេត្តស្ទឹងត្រែង និងបន្តចុះមកខេត្តនៅខាងក្រោមទៀត។
លោកថា ប្រសិនបើក្រុមកីឡាករប្រណាំងយានយន្តធ្វើដំណើរកាត់ផ្លូវទាំងអស់នោះ គឺប្រាកដជាសមស្របនឹងវិញ្ញាសានៃការប្រណាំងជាក់ជាមិនខាន ពីព្រោះផ្លូវទាំងអស់នោះសុទ្ធតែពោរពេញដោយឧបសគ្គ ហើយតាមបណ្ដោយផ្លូវក្រវាត់ព្រំដែននោះទៀតសោត ក៏ពោរពេញទៅដោយទេសភាពប្លែកៗ រុក្ខជាតិកម្រ និងសត្វកម្រប្លែកៗផងដែរ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់ក្រុមកីឡាករប្រណាំងយានយន្តក្នុងឱកាសនេះ និងនៅឱកាសក្រោយៗទៀត សូមចូលរួមផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរដល់ប្រជាពលរដ្ឋឲ្យបានផុសផុលផងដែរ ពីព្រោះកម្មវិធីបែបនេះ ជាកម្មវិធីពិសេសដែលទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន។
សូមជម្រាបថា ព្រឹត្តិការណ៍ Asia Cross Country Rally 2018 ជាព្រឹត្តិការណ៍ប្រកួតយានយន្តអន្តរជាតិលើកទី២៣ ប្រចាំតំបន់អាស៊ី ដែលមានក្រុមកីឡាករចូលរួមចំនួន១០ប្រទេស រួមមាន៖ កម្ពុជា ថៃ ជប៉ុន មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ព្រុយណេ តៃវ៉ាន់ កូរ៉េ និងចិន ដោយចេញដំណើរពីទីក្រុងប៉ាតាយ៉ា នៃខេត្តចន្ទបុរី ប្រទេសថៃ នាថ្ងៃទី១៣ ខែសីហា ឆ្លងកាត់ខេត្តប្រាជិនបុរី ខេត្តបុរីរម្យ ឆ្លងចូលមកប្រទេសកម្ពុជាតាមច្រកអូរស្មាច់ នៃខេត្តឧត្តរមានជ័យ បន្តមកខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពងចាម ខេត្តកណ្ដាល និងបញ្ចប់នៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។
ជាមោទនភាពផងដែរសម្រាប់កម្ពុជា ដែលរថយន្តប្រភេទសាំងពាក់ស្លាកលេខ ១១៩ បើកបរដោយកីឡាករ ហូ សិទ្ធិគុណ រួមទាំងសហការី២រូបទៀត គឺកីឡាការិនី សេង សុជាតា និងកីឡាករ ពៅ តិចឡេង មកពីក្រុមខារ៉ាកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ខណៈរថយន្តកម្ពុជាពាក់ស្លាកលេខ ១១៥ បើកបរដោយកីឡាករ វង្ស គីមហួត ក៏ធ្វើបានយ៉ាងល្អផងដែរ សម្រាប់ការប្រណាំងរថយន្តប្រភេទសាំង ក្នុងព្រឹត្តិការណ៍ Asia Cross Country Rally ឆ្នាំ២០១៨នេះ។
សម្រាប់ក្រុមប្រណាំងខារ៉ាកម្ពុជា ដែលចូលរួមក្នុងនៃព្រឹត្តិការណ៍ Asia Cross Country Rally ឆ្នាំ២០១៨នេះ ក៏ទទួលបានការឧបត្ថម្ភធំពីភេសជ្ជៈប៉ូវកម្លាំង Zorus ផងដែរ៕