(កំពត)៖ អ្នកបើករថយន្ដឈ្នួលម្នាក់ ដែលទាញកាំបិតគំរាមនៅទីសាធារណៈក្បែរផ្សារសាមគ្គី ក្រុងកំពត ខេត្តកំពត ត្រូវបានកម្លាំងនគរបាល​តាមចាប់ខ្លួនបានហើយ បន្ទាប់ពីសកម្មភាពនៃការគំរាមរបស់គេ ត្រូវគេថតបាន ហើយចែកចាយតាមបណ្តាញសង្គម Facebook។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលរបស់លោក តាមចាប់ខ្លួនបាននៅវេលាម៉ោង ១១ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ នៅចំណុចសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។

បើតាមលោកឧត្តមសេនីយ៍ស្នងការអ្នកបើករថយន្ដឈ្នួលទាញកាំបិតគំរាមកាប់គេនៅទីសាធារណៈនេះ បានកើតឡើងតាំងពីអំឡុងដើមខែកក្កដា ឆ្នាំ២០១៨ម្ល៉េះ ប៉ុន្ដែគ្រាន់តែវីដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាព ក្នុងរថយន្ដអ្នកដំណើរផ្សេងទៀត ទើបត្រូវបានចែកចាយនៅពេលថ្មីៗនេះ។ លោកបន្តថា ក្រោយលោក បានឃើញ​វីដេអូនេះ ក៏​បានបញ្ជាកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវភ្លាមៗរហូតចាប់បាននៅថ្ងៃនេះតែម្តង។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់​ពីដំណើររឿងថា ​ជនសង្ស័យដែលអ្នកបើករថយន្ដឈ្នួលនោះ មិនបានដកកាំបិតគំរាមប៉ូលីសចរាចរណ៍ ដែលកំពុងសម្រួលចរាចរណ៍នៅមុខផ្សារសាមគ្គីនោះទេ ពោលជនសង្ស័យមានជម្លោះជាមួយអ្នករកស៊ីរថយន្តឈ្នួលផ្សេងទៀត ដែលបើករថយន្ដនៅខាងក្រោយ រួចក៏ដកកាំបិតគំរាមតែម្ដង ប៉ុន្ដែពេលនោះនគរបាលចរាចរណ៍ និងពលរដ្ឋផ្សេងទៀតនៅក្បែរនោះ សម្រួលឲ្យធ្វើដំណើរទៅរៀងខ្លួនវិញ។

ស្នងការខេត្តកំពតរូបនេះ ក៏បានឲ្យដឹងដែរថា ក្រោយចាប់ខ្លួនបាន កម្លាំងនគរបាលជំនាញ ក៏បានដកហូតកាំបិតដែលជនសង្ស័យទាញគំរាមនៅក្នុងរថយន្ដនោះ។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានយកទៅសួរនាំ មុនកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ​ និងអ្នកធ្វើដំណើរផ្សេងទៀត ដែលថតបាននូវសកម្មភាពរបស់ជនសង្ស័យ រួចបានបង្ហោះចែកចាយ ដើម្បីឲ្យលោកមានមូលដ្ឋានក្នុងការស្រាវជ្រាវចាប់ខ្លួនផងដែរ៕​