(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៉ិនប៉ិចចំនួន៤នាក់ បានប្រកាសលាលែងពីតំណែងរបស់ខ្លួនមកធ្វើជាសមាជិកធម្មតាវិញ បន្ទាប់ពីតំណែងរបស់គាត់ត្រូវបានរុះរើ។ មន្ត្រីជាន់ខ្ពស់ ដែលបានសុំលាលែងពីតំណែងរួមមាន៖ លោក យូ ហុកគ្រី, លោក ប៉ោ ប៊ុនស៊្រី, លោក ញ៉េប ប៊ុនជិន និងលោក យឹម សាវី។
ការប្រកាសលាលែងពីតំណែងនេះ បន្ទាប់ពីលោក យូ ហុកគ្រី, លោក ប៉ោ ប៊ុនស៊្រី និង លោក ញ៉េប ប៊ុនជិន ត្រូវបានបក្សផ្លាស់ប្តូរតួនាទីពីអនុប្រធានបក្ស មកជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្សហ៊្វុនស៊ិនប៉ិច ខណៈដែលលោក យឹម សាវី ត្រូវបានប្តូរចេញពីតំណែងជាអគ្គលេខាធិការបក្សមកជាអនុប្រធានបក្សវិញ។
ក្នុងលិខិតសុំលាលែងថ្វាយទៅសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្ស បានបញ្ជាក់ថា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ថា ការដែលសុំលាលែងនេះ ដោយសារពួកលោកពុំអាចបំពេញតួនាទីខាងលើនេះ បានដោយប្រសិទ្ធភាព។
សូមរំឭកថា គណបក្សហ៊្វុនស៊ិនប៉ិក បានផ្លាស់ប្តូរក្បាលម៉ាស៊ីនជាច្រើនរូប បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តែងតែងព្រះរាជបុត្ររបស់ខ្លួន គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីបក្ស។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ លោក យូ ហុកគ្រី, លោក ប៉ោ ប៊ុនស្រ៊ឺ និងលោក ញ៉េប ប៊ុនជិន ត្រូវបញ្ចប់តំណែងជាអនុប្រធានបក្ស។ លុះក្រោយមកមន្រ្តីជាន់ខ្ពស់ទាំង៣រូប ក៏ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ។ បន្ទាប់ពីការតែងតាំងនេះមិនបានប៉ុន្មានម៉ោងផង មន្ត្រីជាន់ខ្ពស់ទាំង៣រូប ក៏បានប្រកាសលាលែងពីតំណែងនេះផងដែរ។
ក្រៅពីមន្ត្រីជាន់ខ្ពស់ទាំង៣រូប នៅមានមន្ត្រីមួយចំនួនទៀត ក៏ត្រូវបានផ្លាស់ប្តូរតំណែងផងដែរ។ តាមរយៈការផ្លាស់ប្តូរត្រូវបានគេមើលឃើញថា គណបក្សហ៊្វុនស៊ិនប៉ិច កំពុងមានការរង្គោះរង្គើផ្ទៃក្នុងរបស់ខ្លួនជាខ្លាំង គ្រាដែលសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ កំពុងសម្រាកព្យាបាលព្រះសុខភាពនៅក្រៅប្រទេស៕
ញ៉េប ប៊ុនជិន
យូ ហុកគ្រី
ប៉ោ ប៊ុនស្រឺ
យឹម សាវី