(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្តេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រង នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ បានលើកទឹកចិត្ត និងដាស់តឿនដល់សិស្សត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ត្រូវមានភាពជឿជាក់លើសមត្ថភាពខ្លួនឯង និងខិតខំឆ្លើយឲ្យបានគ្រប់សំណួរ និងធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះ។
លោក មួន វាសនា ក៏បានផ្តាំផ្ញើដល់បេក្ខជនប្រលងទាំងអស់ត្រូវប្រយ័ត្នប្រយែងខ្ពស់ក្នុងការធ្វើដំណើរទៅកាន់មណ្ឌលប្រឡង ពោលត្រូវធ្វើដំណើរឲ្យប្រកបដោយសុវត្ថិភាព និងទៅកាន់មណ្ឌលប្រលងឲ្យទាន់ពេលវេលា។
ទីប្រឹក្សាសម្តេច ហេង សំរិន រូបនេះ ក៏បានរំលឹកដល់បេក្ខជនប្រលងដែរថា ក្រោយពីការប្រឡងហើយ ត្រូវចេះសម្លឹងមើលសាកវិទ្យាល័យ ដែលមានគុណភាព និងត្រូវចេះមើលជំនាញណាមួយ ដែលខ្លួនពេញចិត្ត ដើម្បីរៀនបន្តថ្នាក់ឧត្តមសិក្សា។
លោក មួន វាសនា ក៏បានផ្តល់ដំបូន្មានដល់បេក្ខជនប្រលងថា ទោះបីជួបបញ្ហាលំបាកយ៉ាងណាក៏ដោយ ត្រូវតែតស៊ូជម្នះរាល់ការលំបាកទាំងនោះ ដើម្បីឈានទៅរកភាពជោគជ័យក្នុងជីវិត ដែលជោគជ័យទាំងនេះកើតចេញពីការសិក្សា រៀនសូត្រ ៩០ភាគរយ។ ជោគជ័យ គឺសម្រាប់ជីវិតខ្លួនឯង ដើម្បីជួយដល់ក្រុមគ្រួសារ និងសង្គមជាតិ។
លោក មួន វាសនា ក៏បានលើកបង្ហាញពីគុណតម្លៃសាកលវិទ្យាល័យរបស់លោក ដែលសម្រាប់ជាជម្រើសរបស់បេក្ខជនចាប់យកទៅថ្នាក់ឧត្តមសិក្សាផងដែរ។ លោកបានអះអាងថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម មានគុណសម្បត្តិ រូបវ័ន្តអគារសិក្សា និងបន្ទប់ប្រទ្បងសមស្របតាមបទដ្ឋានជាតិ៕