(ភ្នំពេញ)៖ តារាសម្តែងជើងចាស់ ពោរពេញដោយទេពកោសល្យខាងសម្តែង ទាំងភាពយន្តហូលីវ៉ូត និងភាពយន្តខ្មែរជាច្រើនភាគ គឺអ្នកនាង ស្វែង សុជាតា បច្ចុប្បន្នបើងាកមកជីវិតសិល្បៈរបស់អ្នកនាង ហាក់ងើបឡើងវិញ ដោយមានវត្តមានក្នុងរឿងជាច្រើន ដូចជារឿង «ទឹកចិត្តម្តាយសម័យថ្មី» និងរឿង «ផ្កាថ្ម» ជាដើម។ ដោយឡែក បើយើងក្រឡែកទៅមើលជីវិតរបស់នាង កាលពី១០ឆ្នាំមុនវិញ ហាក់ដូចជាខុសស្រឡះពីបច្ចុប្បន្ន ខណៈកាលណោះ នាងបានបែកបាក់ស្វាមី និងកូនជាទីស្រឡាញ់។ ក្នុងកិច្ចសម្ភាសន៍របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ទូរទស្សន៍ Fresh News និង Khmer Talking អ្នកនាង ស្វែង សុជាតា បាននិយាយទាំងហូរទឹកភ្នែក ពេលរំឭកដល់អតីតកាល ព្រោះបំណងតែមួយគត់របស់នាងនៅពេលនេះ គឺចង់ជួបកូន ខណៈបែកជាង ១០ឆ្នាំមកហើយ តែអតីតស្វាមី មិនអនុញ្ញាឱ្យនាងជួបកូនឡើយ។
ក្នុងនោះ តារាសម្តែង ដែលមានទស្សនិកជនស្គាល់ច្រើន អ្នកនាង ស្វែង សុជាតា បានថ្លែងទាំងទឹកភ្នែកហូរកាត់ថ្ពាល់ថា តាមពិតទៅ រឿងបែកបាក់ស្វាមី កាលពី១០ មុនរបស់នាង មិនគួរយកមកនិយាយនៅពេលនេះទេ ហើយក៏មិនធ្លាប់បាននរណាសួរគាស់កកាយពីរឿងនេះមកដែរ តែពេលនេះនាងត្រូវតែនិយាយ។ ស្វែង សុជាតា បានិយាយថា មូលហេតុដែលនាងលែងលះគ្នា គឺមិនមែនស្វាមីរបស់នាង ជាមនុស្សអាក្រក់នោះទេ ប៉ុន្តែមកពីនាង រស់នៅមិនចុះសម្រុងគ្នា ខណៈនាង គឺជាអ្នកសិល្បៈ មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ស្វាមី។
អ្នកនាងបន្តថា «នៅឆ្ងាយគឺ ណាយចិត្ត បានន័យថា ពេលនាងរវល់នឹងការងារសិល្បៈច្រើន ហើយមានស្រីម្នាក់ទៀត ចូលមកធ្វើអ្វីគ្រប់យ៉ាងច្រើនជាងនាង ស្វាមីរបស់នាង នឹងរីករាយជាមួយគេ។ បើនិយាយឱ្យចំ គឺដោយសារតែនាង គ្មានពេលវេលាគ្រប់គ្រាន់ ស្វាមីនាងមិនយល់ពីអ្នកសិល្បៈ ទើបបែកបាក់គ្នា»។
អ្នកនាង ស្វែង សុជាតា បានថ្លែងទាំងហូរទឹកភ្នែកថា «មកទល់នឹងបច្ចុប្បន្ននឹង នាងមិនបានស្តាយស្រណោះអ្វី ពីស្វាមីរបស់នាងនោះទេ ហើយនាងក៏ធ្វើជាមនុស្សស្រីដែលរឹងមាំ សម្រាប់ខ្លួនឯងដែរ តែអ្វីដែលនាង ចង់បានពីស្វាមីរបស់នាង គឺសូមឱ្យស្វាមីរបស់នាង អនុញ្ញាឱ្យនាងបានជួបកូន ព្រោះនាងនឹងកូន បានបែកគ្នា ១០ឆ្នាំមកហើយ ពោលចាប់តាំងពីលេងលះគ្នាមក ស្វាមីរបស់នាង មិនឱ្យនាងជួបមុខកូនឡើយ»។
ជាចុងក្រោយ តាមរយៈបទសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» អ្នកនាង ស្វែង សុជាតា សង្ឃឹមថា អតីតស្វាមីរបស់នាង នឹងបានឃើញ ហើយអនុញ្ញាតឱ្យនាងជួបកូន ដោយនាងនិយាយថា «លេខទូរសព្ទរបស់នាង គឺនៅដដែល ដូច្នេះសូមទំនាក់ទំនងមក ដើម្បីឱ្យនាងបានជួបមុខកូនផង»។
ចង់ដឹងកាន់តែច្បាស់ថាអ្នកនាង ស្វែង សុជាតា បកស្រាយអ្វីក្រៅពីនេះនោះ សូមទស្សនាវីដែអូខាងក្រោម ដូចតទៅ៖