(ព្រះសីហនុ)៖ គិតត្រឹមវេលាម៉ោង១១៖៥០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ចរាចរណ៍នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លះគីឡូម៉ែត្រលេខ ១១៦-១១៧ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពងសីលា ខេត្តព្រះសីហនុ នៅតែបន្ដផ្អាកដដែល ដូច្នេះប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរ ទៅខេត្តព្រះសីហនុ ឬមករាជធានីភ្នំពេញ ត្រូវវាងចរាចរណ៍ទៅវាងជាតិលេខ៣ជាបណ្ដោះអាសន្ន។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា មកដល់ម៉ោងនេះ ទឹកជនមាន២កន្លែង នៅលើផ្លូវជាតិលេខ៤ គឺទី១៖ចំណុចអូគគីរ ចន្លះគីឡូម៉ែត្រលេខ១០៦-១០៧ ដែលជនលិចខ្លាំងកាលពីម្សិលមិញ ប៉ុន្ដែមកដល់ថ្ងៃនេះ គឺបានស្រកដែលអាចធ្វើដំណើរបាន។
ប៉ុន្ដែនៅចំណុចទី២៖ គឺស្ពានសំរោង ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ទឹកនៅបន្ដជនលិចដែលបង្ខំឲ្យបិទចរាចរណ៍ជាបណ្ដោះអាសន្ន។ ដូច្នេះមិនអាចធ្វើចរាចរណ៍បាននៅឡើយទេ ប៉ុន្ដែនៅរសៀលថ្ងៃនេះ អាចនឹងស្រកបន្ដទៀត ហើយអាចនឹងធ្វើដំណើរបានវិញ។
បើតាមលោក ចាន់ យុត្ថា ចំពោះស្ថានភាពទឹកជំនន់នេះ បណ្ដាលមកពីភ្លៀងធ្លាក់កាលពីថ្ងៃទី១៨ ខែសីហាម្សិលមិញ និងយប់ថ្ងៃទី១៩ នៅតំបន់ភ្នំស្រួច មានរហូតដល់ជាង១៨០មីលីម៉ែត្រ។ ដោយឡែកនៅតំបន់ភ្នំឱរ៉ាល់ ក៏មានភ្លៀងធាក់រហូតដល់២០០មីលីម៉ែត្រផងដែរ។
ជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យទឹកហូរធ្លាក់មកកាន់ស្ទឹងព្រែកត្នោត និងស្ទឹងស្លាគូ ដែលចំពោះបញ្ហានេះ លោក លឹម គាន់ហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងចាត់ចែងក្រុមការងារបច្ចេកទេស តាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ព្រោះស្ទឹងព្រែកត្នោត អាចចាក់ចូលមករាជធានីភ្នំពេញ រីឯស្ទឹងស្លាគូ ចាក់ទៅខេត្តតាកែវ ដែលត្រូវឲ្យតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
យ៉ាងណាមិញ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានបញ្ជាក់ដែរ សម្រាប់កន្លែងដែលបិទចរាចរណ៍បណ្ដោះអាសន្ននោះ កម្លាំងនគរបាលរបស់លោក សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសម្រួលចរាចរណ៍ផងដែរ៕