(កណ្ដាល)​៖ លោក ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលើកឡើងថា ​ទោះបីគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអណត្តិទី៦នេះ ទទួលបាន១២៥អាសនៈក៏ដោយ មន្ដ្រីទាំងអស់គ្នាត្រូវខិតខំបម្រើប្រជាពលរដ្ឋ ឲ្យបានល្អខ្លាំងថែមទៀត មិនត្រូវជិះសេះលែងដៃនោះទេ។

ការថ្លែងបែបនេះរបស់លោក ហ៊ីង ប៊ុនហៀង ត្រូវបានធ្វើឡើង​ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារស្រ្តី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងក្រុមយុវជនខ៤ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨​។

លោក ហ៊ីង ប៊ុនហៀង បានណែនាំដល់ក្រុមការងារស្រ្តី និងយុវជនខ៤ បន្តធ្វើអំពើល្អ បម្រើសេវាសាធារណៈ​តាមតម្រូវការជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ ត្រូវបន្តអនុវត្តន៍គោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាឲ្យបានល្អ និងដោយស្មោះត្រង់ កុំធ្វើជាមន្រ្តីជើង១០ ត្រូវធ្វើជាមន្រ្តីជើង២ ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ជាប្រចាំ ដើម្បីឲ្យដឹងពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឱកាសនោះ លោក ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណចំពោះប្រជាពលរដ្ឋក្រុមការងារស្រ្តី ក្រុមយុវជនខ៤ អាជ្ញាធរដែនដី និងក្រុមការងារចុះជួយស្រុកទាំងអស់ នៅក្នុងស្រុកកណ្ដាលស្ទឹង បានបំពេញការងារបានល្អជូនបក្ស និងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដ៏ច្រើនលើសលុប ធ្វើឲ្យគណបក្សបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់។

ជ័យជម្នះនេះបានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានរួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ជាគណបក្សដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេង ជាប្រវត្តិសាស្រ្តជូនជាតិ និងជាគណបក្សមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិឲ្យសម្រេចបានជោគជ័យធំៗជាបន្តទៀត។

បើតាមលោក ហ៊ីង ប៊ុនហៀង ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត គឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងមូល ដែលស្រលាញ់សន្តិភាព និងការអភិវឌ្ឍ ជាជ័យជម្នះនៃកម្លាំងស្នេហាជាតិ និងលទ្ធិប្រជាធិប្បតេយ្យលើរាល់ការប៉ុនប៉ង ដែលចង់ផ្លាស់ប្តូរកម្ពុជាឲ្យវិលទៅរកអស្ថិរភាព ការបែកបាក់ជាតិ សង្រ្គាម និងវិនាសសកម្ម៕