(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាអាវុធហត្ថខេត្តកណ្ដាល បានដឹកនាំកម្លាំងអាវុធហត្ថក្រោមឱវាទ សហការជាមួយសភាពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោកឧកញ៉ា សុខ ស្រស់ ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានចុះជួយច្រកបាវខ្សាច់ទប់ទឹកដែលបណ្តាលមកពីទឹកជំនន់ធ្វើឲ្យដាច់ផ្លូវ ដើម្បីប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅចំណុចភូមិបាក់ដាវ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល។
ក្នុងយុទ្ធនាការនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ត្រី សំ តុលា និងកម្លាំងកងរាជអាវុធហត្ថទាំងអស់ និងលោកឧកញ៉ា សុខ ស្រស់ ព្រមទាំងសហការី ដែលបានចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលា តាមការស្នើដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រកបរបរកស៊ីចញ្ចឹមជីវិត។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានគូសបញ្ជាក់ថា ការងារនេះត្រូវបានធ្វើឡើង ដោយអនុវត្តន៍នូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល។
ថ្នាក់ដឹកនាំទាំងអស់ តែងតែយកចិត្តទុកដាក់ ដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសនៅពេលនេះយកចិត្តទុកដាក់ខ្ពស់ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៕
សូមជម្រាបថា ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ និងលោកឧកញ៉ា សុខ ស្រស់ ក៏បានចុះសួរសុខទុក្ខ ចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ មានជីវភាព ខ្វះខាត ចំនួន៣៥គ្រួសារ ដល់លំនៅដ្ឋានរួមមាន ស្រុកខ្សាច់កណ្តាល៣៤គ្រួសារ និងស្រុកពញាឮ២គ្រួសារ។
ការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋនាពេលនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ មានគោលបំណងទិសដៅ៣៖ ចុះត្រួតពិនិត្យសភាពការណ៍ ក្នុងភូមិសាស្រ្ត ជាក់ស្តែងពាក់ពន្ធទឹកជំនន់ និងស្វែងយល់ពីផលប៉ះពាល់ដល់ជីវភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ មានជីវភាពខ្វះខាត និងមានសមាជិកក្នុងបន្ទុក និងចែកជូនថវិការ សម្ភារ សប្បរសជនដែលបានបរិច្ចាកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះចំនួន៣៦គ្រួសារ មួយគ្រួសារៗទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងថវិកាមួយចំនួន។
ប្រជាពលរដ្ឋដែលដែលរងគ្រោះដោយទឹកជំនន់ និងមានជីវភាពខ្វះខាត ចំនួន៣៦គ្រួសារ បានត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់ នាយឧត្តមសេនីយ៍ សៅ សុខា, លោក ម៉ៅ ភិរុណ, លោកឧត្តមសេនីយ៍ត្រី សំ តុលា និងកម្លាំងកងរាជអាវុធហត្ថ និងលោកឧកញ៉ា សុខ ស្រស់ ព្រមទាំងសហការី សូមជួបតែពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕