(ភ្នំពេញ)៖ បរិមាណទឹកភ្លៀងដែលបានធ្លាក់បន្ថែម ២ថ្ងៃជាប់គ្នា ក្នុងកម្រិតជាង ៦២មិល្លីម៉ែត្រ នៅក្នុងភូមិសាស្ត្រស្រុកសំឡូត បានធ្វើឲ្យទឹកស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ងើបឡើងជាថ្មីហើយ។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានឲ្យដឹងដែរថា គិតត្រឹមម៉ោង ១០៖៣០នាទី ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ទឹកស្ទឹងមានកម្ពស់ ១១,៨៥ម៉ែត្រ ដែលជាកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្នគឺ ១៣,៧៥ ម៉ែត្រ។
បើតាមក្រសួង ពេលនេះមន្ត្រីជំនាញរបស់យើងកំពុងគ្រប់គ្រងស្ថានភាពជំនន់។ ក្នុងករណីមិនមានភ្លៀងធ្លាក់បន្ថែម ការហក់ឡើងជាថ្មីនេះ ពុំមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ៕