(ស្វាយរៀង)៖ លោក សៅ សុខា ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ខេត្តស្វាយរៀង និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក បានអបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោត និងបន្ដដឹកនាំរដ្ឋាភិបាលអាណត្តិទី៦ ដើម្បីរក្សាសុខសន្ដិភាព ជូនប្រជាជន និងសង្គមជាតិទាំងមូល។
ការថ្លែងបែបនេះ របស់លោក សៅ សុខា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅស្រុករមាសហែក សុរប១,៣០៩នាក់ ដើម្បីអបអរសាទរលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ កាលពីចុងខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
ក្នុងឱកាសនោះ លោក សៅ សុខា បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងនាមក្រុមការងារគណបក្សប្រជាជនចុះជួយស្រុករមាសហែក ក្នុងនាមអង្គពិធីទាំងមូល ដែលមានវត្តមានក្នុងឱកាសជួបជុំថ្លែងអំណរគុណ និងប្រជាជន សមាជិក សមាជិការគណបក្សប្រជាជនស្រុករមាសហែក សូមអបអរសាទរ និងជូនពរ សម្ដេចតេជោ ហ៊ុន សែន មានសុខភាពល្អ និងទទួលបានជោគជ័យ ដើម្បីបន្ដដឹកនាំកម្មវិធីនយោបាយអាណត្តិទី៦ ឲ្យបានជោគជ័យសម្រាប់ប្រជាជនរបស់យើង»។
បន្ថែមពីនេះ លោក សៅ សុខា ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិការ និងប្រជាពលរដ្ឋទាំងអស់ ដែលបានបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុបដើម្បីបន្ដឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេស រក្សាសន្ដិភាព និងបន្ដការអភិវឌ្ឍនាវាកម្ពុជា៕