(ភ្នំពេញ)៖ ក្រោមអំណោយរបស់សប្បុរសជន សហការជាមួយនឹងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ បាននាំយកនូវស្បៀង និងសម្ភារមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន២៧០គ្រួសារ ដែលរស់នៅឃុំស្រែក្រសាំង សុ្រកសៀមបូក ខេត្តស្ទឹងត្រែង។
ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ លោកស្រី ទេព កុលាប សាកលវិទ្យាធិការនៃសាកលវិទ្យាភ្នំពេញអន្ដរជាតិ បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់គិតគូរពីសុខភាព អនាម័យ ដោយត្រូវប្រើប្រាស់ទឹកស្អាត និងពិសាទឹកដាំពុះ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ ពិសេសប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ។
ព្រមជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសម្ដែងការសប្បាយចិត្ដ និងថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានផ្ដល់នូវអំណោយដល់ពួកគាត់ ដើម្បីជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលា ។
សូមជម្រាបថា ក្រោមអំណោយរបស់សប្បុរសជន សហការជាមួយនឹងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បាននាំយកនូវស្បៀង និងសម្ភារមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ជិត៤០០គ្រួសារ ដែររស់នៅខេត្តស្ទឹងត្រែង២៧០គ្រួសារ និងខេត្ដក្រចេះ ចំនួន១២០គ្រួសារទៀត ដែលនឹងត្រូវចុះចែកប្រជាពលរដ្ឋ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ។
អំណោយដែលគ្រួសារនីមួយៗទទួលបានមានដូចជា៖ អង្ករ២០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ មី១កេស ស្ករស០១គីឡូ អំបិល០១គីឡូ ត្រី០១ យួរ និងប្រេងឆា០១យួរ ។សរុបទាំងខេត្ដរួមមាន អង្គរ៧,៨០០គីឡូក្រាម ទឹកត្រីចំនួន៣៩០យួរ ទឹកស៊ីអ៊ីវចំនួន៣៩០យួរ មី៣៩០កេស ស្ករសចំនួន៣៩០គីឡូ អំបិលចំនួន៣៩០គីឡូ ត្រីខកំប៉ុង៣៩០យួរ និងប្រេងឆាចំនួន៣៩០យួរ។ សរុបទឹកប្រាក់ចំនួន ៤៨,៤៦០,០០០រៀល ៕