(ហ្សាកាតា-ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានដឹកនាំប្រតិភូរបស់ខ្លួន ចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) ហើយលោកបានសម្ដែងនូវមោទនៈភាពជាខ្លាំង បន្ទាប់ពីសកម្មភាពកម្ពុជាធ្វើម្ចាស់ផ្ទះវេទិកាអូឡាំពិកអាស៊ីប្រចាំតំបន់ កាលពីដើមខែឧសភាកន្លងទៅ ត្រូវបានបង្ហាញក្នុងមហាសន្និបាតដ៏ធំនោះ ។
មហាសន្និបាតប្រចាំឆ្នាំនេះ បានធ្វើឡើងក្រោមវត្តមានធិបតីព្រះអង្គម្ចាស់ Sheikh Ahmad Al-Fahad Al-Sabah ប្រធានក្រុមព្រឹក្សាអូឡាំពិកអាស៊ី និងលោក Jusuf Kalla អនុប្រធានាធិបតីឥណ្ឌូនេស៊ី ដោយមានតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិក ៤៥ប្រទេសក្នុងតំបន់អាស៊ីចូលរួម ក្នុងក៏មានវត្ដមានថ្នាក់ដឹកនាំ NOCC ផងដែរ គឺមានលោក ថោង ខុន និងលោក វ៉ាត់ ចំរើន គ្រាដែលលោកកំពុងដឹកនាំប្រតិភូ និងអត្តពលិកកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ។
លោក វ៉ាត់ ចំរើន បានឲ្យដឹងពីទីក្រុងហ្សាកាតានាព្រឹកនេះថា មហាសន្និបាតខាងលើ ត្រូវបានជជែកពីប្រធានបទសំខាន់ៗមួយចំនួន រួមមានរបាយការណ៍ព្រឹត្តិការណ៍កីឡា Asian Games 2018 និងគម្រោង ៤ឆ្នាំបន្ទាប់ ដែលចិនទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២២ ក៏ដូចជារបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ពិសេសក្នុងរបាយការណ៍សរុបនោះ ក៏មានសកម្មភាពរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានចូលរួមរៀបចំវេទិកាអូឡាំពិកអាស៊ីប្រចាំតំបន់ កាលពីថ្ងៃទី០៦-០៨ ខែឧសភាកន្លងទៅផងដែរ ។
ស្របពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកការបង្ហាញសកម្មភាពខាងលើ គឺជាមោទនៈភាពសម្រាប់កម្ពុជា ដែលទទួលបានភារកិច្ចក្នុងចំណោម ៥ប្រទេស ដើម្បីរៀបចំវេទិការអូឡាំពិកអាស៊ី ដែលបង្ហាញឲ្យឃើញពីសុខសន្ដិភាព ការអភិវឌ្ឍន៍ និងភាពរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា រួមទាំងវិស័យកីឡាផងដែរ ដែលនាំឲ្យប្រទេសក្នុងតំបន់មានការស្ងើចសរសើរកម្ពុជាបន្ថែមទៀត ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើ ។
ឆ្លៀតក្នុងឱកាសនោះ លោក ថោង ខុន បានជួបសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ព្រះអង្គម្ចាស់ Sheikh Ahmad Al-Fahad Al-Sabah និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ចំពោះព្រះអង្គម្ចាស់ ហើយព្រះអង្គ ក៏បានថ្លែងអំណរគុណ ពិសេសគឺព្រះអង្គ បានសម្ដែងនូវការអបអរសាទរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានគាំទ្រពីប្រជាពលរដ្ឋ បន្ដធ្វើនាយករដ្ឋមន្ដ្រីអាណត្តិទី៦ ។ លើសពីនេះ ព្រះអង្គរបានកោតសរសើរកម្ពុជា ដែលបានរៀបចំវេទិកាអូឡាំពិកតំបន់យ៉ាងជោគជ័យ ហើយព្រះអង្គរបានប្រកាសគាំទ្រកម្ពុជានិច្ច ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។
គួរបញ្ជាក់ថា ខណៈនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងបំពេញបេសកកម្មដឹកនាំប្រតិភូ កីឡាករ-កីឡាការិនីកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ដែលបានប្រារព្ធពិធីបើកការប្រកួតផ្លូវការកាលពីយប់មិញ ហើយគ្រោងនឹងបញ្ចប់នាថ្ងៃទី០២ ខែកញ្ញាខាងមុខ ។ ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិក ១៣ប្រភេទកីឡាទៅចូលរួម គឺមានកីឡាអត្តពលកម្ម ហែលទឹក យូដូ សូហ្វតេន្នីស ការ៉ាតេដូ តេក្វាន់ដូ ជឺជិតស៊ូ កាយសម្ព័ន្ធ ចំបាប់ ទូកកានូ ម៉ូតូទឹក ទូកក្ដោង និងកីឡាគុនដាវ៕