(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង (LM-LECC) បានសម្តែងការអបអរសាទរយ៉ាងកកក្តៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានប្រជាពលរដ្ឋកម្ពុជាច្រើនលើសលុបបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីអាណត្តីថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងលិខិតអបអរសាទរផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង បានគូសបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនេះបានបង្ហាញយ៉ាងពេញទំហឹងចំពោះការគាំទ្រ និងជំនឿទុកចិត្ត ដែលសម្តេចតេជោទទួលបានពីប្រជាជនកម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងសមិទ្ធផលនានាដែលសម្តេចតេជោ ហ៊ុន សែន បានធ្វើដើម្បីជំរុញសន្តិភាព និងស្ថិរភាពជាតិក្នុងការអភិវឌ្ឍសង្គម និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង បានបង្ហាញជំនឿចិត្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែច្រើនឡើង។ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេច កម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែច្រើនឡើងៗ ហើយកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត»។
ក្នុងលិខិតនេះមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង បានបង្ហាញឆន្ទៈមុតមាំថែមទៀតក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយកម្ពុជា និងយកចិត្តទុកដាក់ខ្ពស់លើកង្វល់នានារបស់សម្តេចតេជោ ហ៊ុន សែន។ មជ្ឈមណ្ឌលនេះ ក៏បានសន្យាបន្តកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីរក្សាស្ថេរភាពក្នុងតំបន់មេគង្គ-ឡានឆាង និងជួយសម្រួលដល់ការអភិវឌ្ឍន៍សង្គម ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់កម្ពុជា ឲ្យកាន់តែរីកចម្រើនបានឆាប់រហ័ស។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡានឆាង គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៧ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅប្រទេសមីយ៉ាន់ម៉ា ដែលយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង មានប្រទេសចំនួន៦ជាសមាជិករួមមាន៖ ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម៕