(ភ្នំពេញ)៖ កាលពីសប្ដាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានលើកយកប្រធានបទជាច្រើនទាក់ទងនឹង «ការរៀបអាពាហ៍ពិពាហ៍» មកធ្វើការបកស្រាយរួចមកហើយ។ សម្រាប់សប្តាហ៍នេះ យើងនឹងស្វែងយល់អំពី “ពិធីកំជាប់ពាក្យ” មកធ្វើការពន្យល់ និងបកស្រាយជូនបងប្អូនប្រជាពលរដ្ឋវិញម្តង។
ជាទូទៅនៅក្នុងប្រពៃណីទំនៀមទំលាប់ខែ្មរ កំជាប់ពាក្យ ឬ ជាទូទៅត្រូវបានហៅថា «ភ្ជាប់ពាក្យ» គឺជាពីធីបែបប្រពៃណីមួយ ដែលត្រូវបានប្រជានជនខ្មែរអនុវត្ដតៗគ្នាតាំងពីបុរាណកាលរហូតមកដល់ពេលបច្ចុប្បនេះ ក្នុងគោលបំណងភ្ជាប់នូវសម្ព័ន្ធភាពរវាងគ្រួសារពីរ មុននឹងឈានដល់ពិធីអាពាហ៍ពិពាហ៍។ យើងសម្គាល់ឃើញថា បុរស និងនារី ដែលមានបំណងនឹងរៀបអាពាហ៍ពិពាហ៍ តែងតែរៀបចំនូវពិធីកំជាប់ពាក្យនេះឡើង ដោយហៅជាសាមញ្ញថាពិធីស្ដីដណ្ដឹង ឬ តាមប្រពៃណីហៅថា «ពិធីលើកស្លា» ដែលក្នុងពិធីនេះយើងឃើញថា ភាគីខាងបុរសរៀបចំនូវជំនូន បណ្ណាការ ជូនទៅខាងនារី ដោយមានការចូលរួមពីឪពុកម្ដាយ ញាតិមិត្ដ បងប្អូនទាំងសងខាង ដើម្បីចូលចែវចូវ ។
ការរៀបរាប់ខាងលើនេះ គឺជាសកម្មភាពប្រពៃណីដែលប្រជាជនខ្មែរតែងតែប្រារព្ធ ប៉ុន្តែបើយើងពិនិត្យលើអត្ថន័យ និងទិដ្ឋភាពច្បាប់វិញ តើកំជាប់ពាក្យមានលក្ខខណ្ឌយ៉ាងដូចម្តេច?
តាមន័យច្បាប់ កំជាប់ពាក្យត្រូវបានបង្កើតឡើងតាមការសន្យារវាងបុរស និងនារីថា នឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាថ្ងៃអនាគត ដោយធ្វើពិធីកំជាប់ពាក្យ។ កំជាប់ពាក្យត្រូវបានគោរពយ៉ាងតឹងរឹងនូវឆន្ទៈរបស់ជនដែលពាក់ព័ន្ធ គឺបុរស និងនារី មិនមែនគោរពលើឆន្ទៈរបស់ឪពុកម្ដាយនោះទេ ប៉ុន្ដែជាក់ស្ដែងនៅក្នុងសង្គមខ្មែរ កំជាប់ពាក្យត្រូវបានគោរពតាមឆន្ទៈរបស់ឪពុកម្ដាយទៅវិញ។ នៅក្នុងទំនាក់ទំនងនៃកំជាប់ពាក្យយើងសង្កេតឃើញថា មានគូស្រករមួយចំនួនបានសម្រេចបំណង ដល់បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ហើយរួមរស់ជាគូស្វាមីភរិយាតទៅ ។ ប៉ុន្តែមានករណីមួយចំនួនទៀត បុរសនារីដែលបានប្រារព្ធពីធីកំជាប់ពាក្យហើយ ក៏មិនអាចសម្រេចបាននូវអាពាហ៍ពិពាហ៍ជាមួយគ្នាផងដែរ ដោយត្រូវរំលាយកំជាប់ពាក្យទៅវិញ។
មានស្ថានភាពជាច្រើនដែលនាំឱ្យគោលបំណងនៃកំជាប់ពាក្យមិនបានសម្រេច ដែលជាហេតុនាំឱ្យកំជាប់ពាក្យត្រូវបានរំលាយដូចជា ការទទួលមរណៈភាពរបស់ភាគីម្ខាងទៀត ការប្រព្រឹត្ដកំហុសធ្ងន់ធ្ងរដោយភាគីម្ខាងទៀត ឬដោយការព្រមព្រៀងគ្នាជាអាទិ៍។ ទាំងនេះសុទ្ធសឹងតែជាមូលហេតុនៃការរំលាយកំជាប់ពាក្យ។
តើអ្វីទៅដែលចោទជាបញ្ហាពាក់ព័ន្ធនឹងកំជាប់ពាក្យនេះ ក្នុងករណីដែលកំជាប់ពាក្យត្រូវបានរំលាយ តើភាគីអាចទាមទារជំនូនមកវិញបានដែរឬទេ? ហើយតើភាគីណាជាអ្នកទទួលខុសត្រូវចំពោះការសងជំនូន?
យោងតាមក្រមរដ្ឋប្បវេណី មាត្រា ៩៤៥ ក្នុងករណីដែលកំជាប់ពាក្យត្រូវបានរំលាយ ភាគីដែលបានលើកជំនូននៅពេលកំជាប់ពាក្យ ដែលសង្ឃឹមថា នឹងបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារឱ្យភាគីម្ខាងទៀតសងជំនូនទាំងនោះមកវិញបាន។ ក្នុងន័យនេះ បើភាគីបុរសជាអ្នកជូនជំនូន នោះភាគីខាងបុរសអាចទាមទារជំនូននោះ ពីភាគីខាងនារីវិញបាន។ ក៏ប៉ុន្ដែក្នុងករណីដែលភាគីម្ខាងបានធ្វើការរំលាយកំជាប់ពាក្យចោលដោយមូលហេតុមិនត្រឹមត្រូវ ឬមិនសមស្រប ភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតបាន ដោយយោងតាមបញ្ញត្តិមាត្រា ៩៤៦ នៃក្រមរដ្ឋប្បវេណី។ ឧបមាថា៖ កំជាប់ពាក្យត្រូវបានបង្កើតឡើងរួចហើយ ហើយភាគីម្ខាងបានប្រកាសរំលាយកំជាប់ពាក្យនោះដោយគ្មានមូលហេតុត្រឹមត្រូវ នោះភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតបាន ដែលការទាមទារសំណងនេះ អាចឈរលើមូលដ្ឋាននៃការមិនអនុវត្ដកាតព្វកិច្ច ឬអំពើអនីត្យានុកូល ដែលមានចែងក្នុងក្រមរដ្ឋប្បវេណី។
ចំពោះសំណងនៃការខូចខាតដែលត្រូវទាមទារ អាចរាប់បញ្ជូលទាំងសំណងខាងផ្លូវចិត្ដ សម្ភារៈ និងសេដ្ឋកិច្ច ដែលក្រៅពីជំនូន មានន័យថា ការសងជំនូនមិនមែនជាផ្នែកមួយ នៃសំណងនៃការខូចខាតនោះទេ ព្រោះការទាមទារជំនូនអាចអនុវត្ដតែចំពោះភាគីលើកជំនូនដែលជាខាងបុរសតែប៉ុណ្ណោះ។ បានសេចក្ដីថា បើភាគីដែលបដិសេធ កំជាប់ពាក្យជាភាគីខាងបុរសវិញ នោះខាងនារីមិនអាចទាមទារឱ្យសងជំនូនបានឡើយ ដោយហេតុថា ជំនូនត្រូវបានភាគីខាងនារីទទួលបានហើយ តែភាគីខាងនារីអាចទាមទារនូវការខូចខាតដូចជាថ្លៃជួលរោង តុ ចុងភៅ សំអាងការ ថ្លៃគ្រឿងអលង្ការ (ចិញ្ជៀនភ្ជាប់ពាក្យ) និងសំណងជំងឺចិត្ដជាអាទិ៍។
ផ្ទុយមកវិញ បើកំជាប់ពាក្យត្រូវបានរំលាយដោយសារការព្រមព្រៀង ភាគីអាចកំណត់ពីការទទួលខុសត្រូវរៀងៗខ្លួនបាន ហើយភាគីត្រូវគោរពតាមការព្រមព្រៀងនោះ។ ឧទាហរណ៍ថា ភាគីបុរស និងនារីបានព្រមព្រៀងគ្នារំលាយកំជាប់ពាក្យដោយមិនទាមទារអ្វីពីគ្នាទៅវិញទៅមកឡើយ ដោយខាងបុរសមិនទាមទារជំនូន ហើយខាងនារីមិនទាមទារថ្លៃសោហ៊ុយកំជាប់ពាក្យជាដើម។
តើភាគីអាចទាមទារឱ្យសងជំនូន ឬការខូចខាតដោយសារការរំលាយកំជាប់ពាក្យបានយ៉ាងដូចម្ដេច?
ចំពោះការទាមទារឱ្យសងជំនូន និងការទាមទារសំណងខូចខាត ភាគីអាចអនុវត្ដសិទ្ធិទាមទារតាមផ្លូវតុលាការ ដោយយោងតាមមាត្រា ៩៤៧ នៃក្រមរដ្ឋប្បវេណី។ អំឡុងពេលនៃការដាក់ពាក្យបណ្ដឹងទាមទារត្រូវធ្វើឡើងក្នុងរយៈពេល១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលកំជាប់ពាក្យនោះត្រូវបានរលាយ ។ ឧទាហរណ៍៖ កំជាប់ពាក្យត្រូវបានរំលាយ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នោះថេរៈវេលាមួយឆ្នាំ គឺ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ដូចនេះភាគីអាចដាក់ពាក្យបណ្ដឹងក្នុងអំឡុងពេលនេះបាន។ ផុតរយៈពេលខាងលើ ភាគីលែងមានសិទ្ធិទាមទារសំណងទៀតឡើយ (ថ្លោះសិទ្ធិ)។
រៀបរៀងដោយលោកមេធាវី ឡាន ស៊ីនីត និងលោក រ៉ាត់ ចាន់ធី ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំនិងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ