(ស្ទឹងត្រែង)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសថា ទឹកទន្លេសេកុង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានហក់ឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី ម្តងទៀតហើយ។
Facebook ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសយ៉ាងដូច្នេះថា «ទឹកទន្លេសេកុង ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានហក់ឡើងលើកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នជាថ្មី។ គិតត្រឹមម៉ោង ៦៖០០ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ទឹកមានកម្ពស់ ១១,៩៨ ម៉ែត្រ (ដែលកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នគឺ ១១,៥០ម៉ែត្រ)»។
ក្រសួងក៏បានឲ្យដឹងដែរថា មកដល់ម៉ោង ៧៖០០ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ ទឹកជំនន់នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម១១៦-១១៧) នៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក៏បានកើនឡើងមួយកម្រិតបន្ថែមទៀត និងកំពុងហូរកាត់ពីលើផ្លូវ និងស្ពាន ប្រវែងជាង ៣០០ម៉ែត្រ។ បើតាមក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះ ការធ្វើចរាចរឆ្លងកាត់ នៅតែត្រូវបានអាជ្ញាធរផ្អាកទាំងស្រុង៕