(ភ្នំពេញ)៖ បន្ទាប់ពីពិធីបើកការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ ជាផ្លូវការ ដែលប្រព្រឹត្តទៅនៅទីក្រុហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីយប់មិញ អត្ដពលិកកីឡាកម្ពុជា ៤ប្រភេទ នឹងត្រូវធ្វើការប្រកួតបើកឆាកលើកដំបូងរបស់ខ្លួន នៅថ្ងៃទី១៩ ខែសីហានេះ គឺមានកីឡាគុនដាវ ហែលទឹក តេក្វាន់ដូ និងកីឡាចំបាប់ ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន នាយបេសកកម្ម ពីប្រទេសឥណ្ឌូនេស៊ី ។
សម្រាប់កីឡាគុនដាវមានកីឡាករ-កីឡាការិនី ២នាក់ត្រូវប្រកួតថ្ងៃនេះ រួមមានកីឡាករ វ៉ាហ្គអូរមិនស្គី ហ្វ្រេនធិសិដ្ឋប៉ូល ប្រកួតវិញ្ញាសា Epee Individual និងកីឡាការិនី ឆាយ លីនលី ប្រកួតវិញ្ញាសា Sabre Individual ។ កីឡាហែលទឹក គឺកីឡាការិនី សុខ វរលក្ខ៍ ប្រកួតវិញ្ញាសាហែលចម្ងាយ ១០០ម៉ែត្រ ។ កីឡាតេក្វាន់ដូមានកីឡាករ-កីឡាការិនី ២នាក់ត្រូវប្រកួតលើវិញ្ញាសាឯកត្តជន គឺកីឡាករ ផល សុវណ្ណាត់ និងកីឡាការិនី ស៊ឹម រចនា ។ ឯកីឡាចំបាប់ គឺមានកីឡាករ ២រូបប្រកួត រួមមានកីឡាករ ហេង វុទ្ធី ប្រកួតវិញ្ញាសាទម្ងន់ ៨៦គីឡូក្រាម និងកីឡាករ ជន់ ធួន ប្រកួតវិញ្ញាសា ៦៥គីឡូក្រាម ។
គួរបញ្ជាក់ថា នេះគឺជាកម្មវិធីប្រកួតថ្ងៃដំបូងរបស់ក្រុមអត្តពលិកកម្ពុជា ក្នុងចំណោម ១៣ប្រភេទកីឡា ដែលកម្ពុជាបានបញ្ជូនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ ។ ប៉ុន្ដែមុនការប្រកួតចាប់ផ្ដើម កាលពីម្សិលមិញ លោកបណ្ឌិត ថោង ខុន ប្រធានប្រតិភូ ក៏បានជួបសំណេះសំណាលអត្តពលិក និងបានក្រើនរំលឹកពីដំបូន្មានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការរក្សាកិត្តិយសជាតិ កុំរំលោភវិធានកីឡា និងកុំប្រើសារធាតុលើកកម្លាំងខុសច្បាប់កីឡាផងដែរ ។
លើសពីនេះ លោកបានផ្តាំផ្ញើឲ្យកីឡាករ-កីឡាការិនីម្នាក់ ត្រូវថែរក្សាសុខភាព ខិតខំហ្វឹកហាត់ និងត្រៀមស្មារតីប្រកួតឲបានហ្នឹងន៎ ។ រីឯការរស់នៅរួមជាមួយអត្តពលិកប្រទេសដទៃ ត្រូវគោរពស្រលាញ់គ្នាជាមិត្តភាព ទន់ភ្លន់ រួសរាយរាក់ទាក់ ពិសេសគឺលោកបានជូនពរដល់អត្តពលិកកម្ពុជាគ្រប់រូប ទទួលបានជោគជ័យទាំងអស់គ្នា សម្រាប់បេសកកម្មលើកនេះ៕