(បន្ទាយមានជ័យ)៖ អគ្គិភ័យដែលឆាប់ឆេះផ្សាររ៉ុងគ្លឿ ស្ថិតក្នុងប្រទេសថៃ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ដែលអាជីវករភាគច្រើនជាពលរដ្ឋកម្ពុជានោះ ត្រូវសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងហើយ នៅវេលាម៉ោងប្រមាណ០៨៖៤០នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការឆាប់ឆេះនេះ គឺស្ថិតនៅផ្សារថ្មី ជួរអក្សរ B នៃផ្សាររ៉ុងគ្លឿ ដោយបានបំផ្លាញតូបអាជីវករខ្មែរ អស់ចំនួន១៣តូប គិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ ប៉ុន្ដែករណីនេះមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងរបួសនោះទេ។
បើតាមសេចក្ដីការណ៍ដដែល សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ កម្លាំងសមត្ថកិច្ចថៃ បានចេញអន្ដរាគមន៍សង្គ្រោះភ្លាមៗ ដោយបានប្រើប្រាស់ឡានទឹកអស់១៣គ្រឿង និងបានប្រើប្រាស់នូវគ្រឿងចក្រ ចំនួន៣គ្រឿងផងដែរ ដើម្បីកាយពន្លត់ភ្លើង កុំឲ្យរីករាលដាលបន្ដទៅតូបផ្សេងទៀត។
យ៉ាងណាមិញ ដើមចមដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចជំនាញសន្និដ្ឋានជំហ៊ានដំបូងថា អាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី៕