(កណ្ដាល)៖ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល នឹងទទួលបានសេវាពិនិត្យព្យាបាលសុខភាពកាន់តែប្រសើរខណៈ មន្ទីរពេទ្យ បានស្ថិតនៅកាន់តែជិតផ្ទះពួកគាត់ ។
ការថ្លែងដូច្នេះ បានធ្វើឡើងក្នុងឱកាសលោកសាស្ត្រាចារ្យម៉ម ប៊ុនហេង ដឹកនាំប្រតិភូក្រសួងសុខាភិបាល ចុះពិនិត្យការដ្ឋានសំណង់មន្ទីរពេទ្យបង្អែកវិហារសួគ៌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបន្ដថា មន្ទីរពេទ្យបង្អែកវិហារសួគ៌នេះ បានចាប់ផ្ដើមសាងសង់កាលពីដើមឆ្នាំ និងគ្រោងសាងសង់រួចជាស្ថានពរនៅចុងឆ្នាំ២០១៨នេះផងដែរ ហើយក្នុងមន្ទីរពេទ្យនេះ មានអគារពិនិត្យជំងឺទូទៅ,អគារសម្រាកព្យាបាល មានទំហំធំទូលាយ ដែលមានគ្រែរហូតដល់ជាង៤០គ្រែ និងបន្ទប់ព្យាបាលផ្សេងៗទៀត។ នេះជាផ្នែកមួយដែលជួយលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ និងទាន់ពេលវេលា ពិសេសក្នុងតំបន់នេះ ជាតំបន់កំពុងអភិវឌ្ឍន៍ ដែលមានរោងចក្រធំៗជាច្រើន ដូចនេះកាន់តែផ្ដល់ភាពងាយស្រួលកាន់ច្រើន ដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនីនេះ ដែលមិនចំណាយពេលវេលា ធ្វើដំណើរទៅមណ្ឌលសុខភាព ដែលនៅឆ្ងាយពីពួកគាត់ទៀតនោះទេ ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ថ្លែងបន្ដទៀតថា «ក្រោមដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជាប្រមុខដ៏រឹងមាំ បានពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនកម្ពុជាគ្រប់រូបពីហានិភ័យនានា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ ពិសេសស្ដ្រីមានផ្ទៃពោះ ក្នុងគ្រួសារក្រីក្រ គឺចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ទៅ នឹងអនុវត្តនូវកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនេះនឹងធ្វើឡើងជា ៣ដំណាក់កាលរួមមាន ដំណាក់កាលទី១៖ ឧបត្ថម្ភ ៤លើក ក្នុងមួយលើក ៤ម៉ឺនរៀល នៅពេលស្ត្រីមានពោះ ទៅទទួលយកសេវាពិនិត្យផ្ទៃពោះ នៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី២៖ ឧបត្ថម្ភ ២០ម៉ឺនរៀល នៅពេលស្រ្តីសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី៣៖ ឧបត្ថម្ភ ១០លើក, ក្នុងមួយលើក ៤ម៉ឺនរៀល នៅពេលស្រ្តីជាម្តាយនាំទារកទៅទទួលថ្នាំបង្ការ ឬ សេវាគាំពាររហូតដល់កុមារមានអាយុ ២ឆ្នាំ»។
សូមជម្រាបផងដែរថា ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលសម្រាលកូនរួច ជាមន្ត្រីរាជការ កម្មការិនី កីឡាការិនី ស្ដ្រីជាកងកម្លាំងប្រដាប់អាវុធ និងក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល នឹងទទួលបានអត្ថប្រយោជន៍ ជាច្រើនពីរាជរដ្ឋាភិបាល មានដូចជា៖
១៖ សម្រាប់ស្ត្រីជាមន្ត្រីរាជការ កម្មការិនី ប្រជាពលរដ្ឋ ដែលសម្រាលបានកូនម្នាក់ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ចំនួន ៤០ម៉ឺរៀល កូនភ្លោះ២នាក់ទទួលបាន៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ទទួលបាន១លាន២០ម៉ឺនរៀល ហើយសម្រាប់កូនភ្លោះ៣នេះ ក៏ជាកូនរបស់សម្ដេចដែរ ដូច្នេះសម្ដេចតេជោនឹងឧបត្ថម្ភប្រាក់ដោយឡែកបន្ថែម៥លានរៀលទៀត រួមជាមួយអំណោយមួយចំនួនទៀតដែលសម្ដេចតេជោនឹងផ្ដល់ជូនជាបន្តបន្ទាប់។
២៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កម្មការិនីមិនចាំបាច់បង់ប្រាប់របបសន្តិសុខសង្គមទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៣៖ បុគ្គលិក-កម្មករនិយោជិតក្រៅប្រព័ន្ធ (ក្នុងនោះក៏មានស្ត្រីដែរ) ដែលបានចុះបញ្ជីនៅ ប.ស.ស នឹងទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ បុគ្គលិក និយោជិក កម្មករ មានប័ណ្ណមូលនិធិសមធម៌សុខាភិបាលទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនបង់លុយ។
៤៖ ចំពោះកម្មការិនីមានផ្ទៃពោះអាចឈប់សម្រាកមុនម៉ោងចេញពីធ្វើការ ៣០នាទី ឬលើសពីនេះ។ រដ្ឋក៏តម្រូវឱ្យគ្រប់រោងចក្រ សហគ្រាស ត្រូវបង្កើតមណ្ឌលសុខភាព និងត្រូវមានគ្រូពេទ្យប្រចាំការផងដែរ។ ចំពោះកម្មការិនីដែលត្រូវការបំបៅកូន រដ្ឋក៏ឱ្យគ្រប់រោងចក្រ សហគ្រាស បង្កើតបន្ទប់សមរម្យមួយដែលមានផាសុកភាព សម្រាប់ឱ្យកម្មការិនីជាម្ដាយអាចបំបៅកូនបានថែមទៀត។
៥៖ កម្មការិនីដែលជាសមាជិក ប.ស.ស នៅពេលទៅសម្រាលកូននៅមន្ទីរពេទ្យ នៅតែទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ ចំនួន៧០% និងទទួលបានប្រាក់ឈ្នួលពីនិយោជក ៥០% សរុបចំនួន ១២០%។
៦៖ កម្មករនិយោជិតទទួលបាននូវរបបហានិភ័យការងារ របបថែទាំសុខភាព ហើយនៅឆ្នាំ២០១៩ ខាងមុខនេះ កម្មករនិយោជិតនឹងទទួលបានរបបសោធននិវត្តន៍ (រឺត្រែត) ដូចទៅនឹងមន្ត្រីរាជការថែមទៀតផង។
៧៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដាក់ចេញនូវគោលនយោបាយគាំពារសង្គម សម្រាប់ស្ដ្រីជាកងកម្លាំងប្រដាប់អាវុធ និងក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល នៅពេលឆ្លងទន្លេទទួលបានការឧបត្ថម្ភថវិកាចំនួន ៨០ម៉ឺនរៀល ៕