ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណីដ៏ធំ នៅខណ្ឌចំការមន ចាប់ខ្លូនជនជាតិឡាវសញ្ជាតិកាណាដាម្នាក់ និងដកហូតថ្នាំញៀនជិត៤គីឡូក្រាម
18-08-2018 17:54
(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណីដ៏ធំ នៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានចាប់ខ្លូនជនជាតិឡាវ សញ្ជាតិកាណាដាម្នាក់ និងដកហូតថ្នាំញៀនជិត៤គីឡូក្រាម។
ការបើកប្រតិបត្តិការដ៏ធំនេះ បានធ្វើឡើង កាលពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង ១៦៖៣០នាទីរសៀល នៅចំណុចតាមផ្លូវ លេខ៤៦០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមរបាយការណ៍ របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង ១៦៖៣០នាទី កម្លាំងជំនាញនគរបាលការិយាល័យក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចតាមផ្លូវ លេខ៤៦០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លទ្ធផល ចាប់ជនសង្ស័យម្នាក់ ឈ្មោះ CHAO XIENG ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិឡាវ សញ្ជាតិកាណាដា និងចាប់យកវត្ថុតាង ជាសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ៣៩៩៥.៧៣ ក្រាម»៕