(កំពត)៖ ទឹកជំនន់ដោយសារទឹកភ្លៀង កំពុងវាយលុកឃុំចំនួន៣ ក្នុងស្រុកទឹកឈូ ខេត្តកំពត។ នេះបើតាម Facebook ផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា «បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ចាប់ពីតាំងថ្ងៃទី១៧ រហូតមកដល់រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងកម្រិតជាង ១៣៨ មីលីម៉ែត្រ បានបង្កឲ្យមានជំនន់ទឹកភ្លៀងវាយប្រហារឃុំចំនួន០៤ របស់ស្រុកទឹកឈូ ខេត្តកំពត រួមមាន៖ ឃុំព្រៃថ្មី កណ្តោល ព្រៃឃ្មុំ និងឃុំកំពង់សំរោង»។
ក្រសួងបានឲ្យដឹងទៀតថា ជាមួយគ្នានេះ កំណាត់ផ្លូវជាតិលេខ៣ ក៏ត្រូវបានជំនន់ទឹកភ្លៀងហូរកាត់ពីលើប្រវែងប្រមាណ ១០០ ម៉ែត្រ ផងដែរ ក្នុងជម្រៅពី ០,០២-០,០៥ ម៉ែត្រ ត្រង់ចំណុចរោងចក្រផលិតស៊ីម៉ង់ត៏ ចក្រីទីង ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្តោល ស្រុកទឹកឈូ។ ទោះបីជាយ៉ាងណាក៏ដោយ គិតត្រឹមម៉ោង ៤៖៣០នាទីរសៀលនេះ ការធ្វើចរាចរណ៍ឆ្លងកាត់ នៅដំណើរការជាធម្មតា។
សូមជម្រាបថា បើតាមក្រសួងធនធានទឹក និងឧតុនិយម គិតត្រឹមម៉ោង៤ល្ងាចនេះ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦-១១៧) ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវអាជ្ញាធរផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសិន ដោយសារទឹកជន់លិចខ្លាំង។ ដោយឡែក ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ៤ នៅចំណុចស្ពានអូរគគី (គម ១០៦-១០៧) បានស្រកចុះជាធម្មតាវិញហើយ។
ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ ក៏បានរាយការណ៍ដែរថា គិតមកដល់ពេលនេះ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ89-90 ក៏នៅត្រូវផ្អាកដំណើរការចរាចរណ៍ ជាបណ្តោះអាសន្នដដែលផងដែរ៕