(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ បានចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង នៅស្រុកចំការលើ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ តាមបទបញ្ជារបស់លោកព្រះរាជអាជ្ញាខេត្តកំពង់ចាម ហួត វុទ្ធី។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មុនឈានដល់ប្រតិបត្ដិការបង្ក្រាប លោកបានទទួលពត៌មានពីប្រជាពលរដ្ឋ រួចបានបញ្ជាដល់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយទាប ចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចចំការកៅស៊ូរ ស្ថិតក្នុងភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។
បើតាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ជាលទ្ធផលកម្លាំងជំនាញបង្ក្រាបបានចាប់ខ្លួនមុខសញ្ញាអ្នកលេងចំនួន០២នាក់៖ ទី១៖ឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ៤០ឆ្នាំ និងទី២៖ឈ្មោះ ស៊យ ខួច ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងនោះ ដកហូតវត្ថុតាងរួមមាន៖ មាន់ចំនួន០២ក្បាល, ជញ្ជីងថ្លឹងមាន់ចំនួន០១, កញ្ចក់ឆ្លុះបាំងមាន់ ចំនួន០១ ម៉ូតូចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី៕