(ព្រះសីហនុ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៨នេះ​​ តាមរយៈ Facebook ផ្លូវការរបស់ខ្លួនបានបន្តប្រកាសថា ដោយសារមានភ្លៀងច្រើន បង្កឲ្យជន់ហូរលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ស្ថានភាពបែបនេះ ត្រូវបានអាជ្ញាធរផ្អាកការធ្វើចរាចរណ៍ ឆ្លងកាត់ទីនោះជាបណ្តោះអាសន្ន។

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសយ៉ាងដូច្នេះថា «មកដល់ម៉ោង ១៦៖០០នាទី រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ទឹកជំនន់ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦-១១៧) ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបន្តកើនឡើងបន្តិចថែមទៀត។ ពេលនេះ អាជ្ញាធបានចាប់ផ្តើមធ្វើការហាមឃាត់រថយន្តធុនធំ មិនឲ្យបើកបរឆ្លងកាត់ជាបណ្តោះអាសន្នសិន ខណៈរថយន្តធុនតូច ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ជាធម្មតា៕