(ភ្នំពេញ)៖ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានទទួលភាពជោគជ័យយ៉ាងត្រចេះត្រចង់ យ៉ាងភ្លូកទឹកភ្លូកដីរួច លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអង្គភាព កម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកលើកដែកខេត្តកណ្តាល បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងម្ចាស់ឆ្នោតនៅឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងឱកាសសំណេះសំណាល នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ លោក ហេង រតនា បានថ្លែងអំណរគុណ ដល់ម្ចាស់ឆ្នោតទាំងអស់ ដែលស្រលាញ់ជឿទុកចិត្តលើការដឹកនាំរបស់ គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើន និងការអភិវឌ្ឍ។ លោកក៏បានអរគុណដល់ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងលះបង់គ្រប់យ៉ាង រហូតឈានទៅដល់ការទទួលបានជ័យជម្នះដ៏ធំធេងនេះ។
បើតាមលោក ហេង រតនា មិនមានប្រទេសច្រើនទេ នៅលើសកលលោក អាចទទួលបានលទ្ធផលល្អ និងការគាំទ្រដូចគណបក្សប្រជាជនកម្ពុជា ដែលបង្ហាញដូចនៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ នេះឡើយ។
បន្ទាប់ពីសំណេះសំណាលរួចមក លោក ហេង រតនា ក៏បានប្រគល់ផ្ទះមួយខ្នង និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ជូនលោកយាយកំសត់ ឡៃ ស្រេង អាយុ៨៩ឆ្នាំ រស់នៅភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើក ខេត្តកណ្តាល៕