(ភ្នំពេញ)៖ កម្មវិធីប្រដាល់គុនខ្មែរខ្នាតអន្តរជាតិទម្ងន់៥៤គីឡូក្រាម ដើម្បីដណ្តើមយកជើងឯកគូបូតា ត្រូវបានប្រកាសបើកកាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ ដោយមានតំណាងសហព័ន្ធកីឡាប្រដាល់កម្ពុជា ក្រុមហ៊ុនគូបូតា និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍បាយ័នផងដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រដូវកាលនេះជារដូវកាលដែលពិសេសបំផុតដោយ គូបូតាបាននាំមកជូនលោកអ្នកនូវ ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់៥៤គីឡូក្រាមដំបូងបំផុតក្នុងប្រទេសកម្ពុជា ហើយកាន់តែពិសេសជាងនេះទៅទៀតនោះគឺគូបូតាក៏បានរៀបចំនូវដំណើរការនៃការប្រកួតថ្មីដោយមាន វគ្គជម្រុះរយៈពេល៧សប្តាហ៍ ដោយមានកីឡាករកម្ពុជាចំនួន៨រូប ចូលរួមប្រកួតដើម្បីជ្រើសរើសយកកីឡាករជើងខ្លាំងបំផុតចំនួន៥រូប ដើម្បីធ្វើការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករជើងខ្លាំងមកពីប្រទែសថៃចំនួន ៣រូប និងមកពីព្រឡាវចំនួន២រូប នៅក្នុងកម្មវិធី «ជើងឯកប្រដាល់លេខមួយគូបូតា»

កំពូលកីឡាករក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមទាំង១០រូប រួមមានកីឡាករកម្ពុជា៖ ចាន់ សាន់, ផាន់ ផាតយុទ្ធ, រិទ្ធ អាទិត្យ, ខេម ចាន់, ប៊ុន សុធា។ ចំណែកកីឡាករថៃ៖ អាណាន់តាស័ក្តិ ស៊ិតភូកងយុទ្ធ, កៅរៀនថង ផេតចិន្តា, ផ្លាំងធិប ប៉.យុទ្ធភូមិ។ ដោយឡែកកីឡាករឡាវមាន៖ វ៉ាំងង៉ើន រ៉ុងរៀនកីឡាណៈខនប៉ៈថុម, ស៊ែងសុរិយៈ ស៊ិតតកអាកាស ដែលសុទ្ធតែជាកីឡាករជើងខ្លាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍។

ជាមួយប្រដាល់គុនខ្មែរអន្តរជាតិទម្ងន់៥៤គីឡូក្រាម កាន់តែជក់ចិត្ត កាន់តែអស្ចារ្យលើសពីការរំពឹងទុក ហើយក្នុងរដូវកាលនេះសម្រាប់ជើងឯកលេខ១ នឹងទទួលបានខ្សែក្រវាត់ជើងឯកប្រដាល់លេខមួយគូបូតាមួយ ពានរង្វាន់មួយ និងទឹងប្រាក់ចំនួន៦ពាន់ដុល្លារ ជ័យលាភីលេខ២នឹងទទួលបានពានរង្វាន់១ និងទឹកប្រាក់ចំនួន៣ពាន់ដុល្លារ ជ័យលាភីលេខ៣នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន១ពាន់ដុល្លារ និងជ័យលាភីលេខ៤ នឹងទទួលបានពានរង្វាន់មួយ និងទឹកប្រាក់ចំនួន៥០០ដុល្លារ។

អ្នកស្នេហាវិស័យកីឡាប្រដាល់ទាំងអស់អាចទស្សនាការប្រកួតនេះ បានរៀងរាល់ថ្ងៃសុក្រ ចាប់ពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៨ តទៅ ពីម៉ោង ៧៖០០យប់ រហូតដល់ម៉ោង ៩៖០០យប់ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ឬតាមរយៈកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័នតែម្តង។

គូបូតា បានឧបត្ថម្ភទាំងស្រុងក្នុងកម្មវិធីប្រដាល់នេះអស់រយៈពេល៥ឆ្នាំជាប់ៗគ្នាដោយជោគជ័យ ដែលបច្ចុប្បន្ននេះកម្មវិធី «ជើងឯកប្រដាល់លេខមួយគូបូតា» បានក្លាយជាកម្មវិធីប្រដាល់ដ៏ពេញនិយមបំផុតនៅកម្ពុជា។ លើសពីនេះទៅទៀតគូបូតាក៏បានដំណើរការកម្មវិធីប្រដាល់គុនខ្មែរនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ចាប់ពីឥឡូវនេះរហូតដល់ចុងឆ្នាំ២០១៨ ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ប្រជាជនក៏ដូចជាប្រជាកសិករកម្ពុជា៕