(បន្ទាយមានជ័យ)៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងការឯកភាពពីស្ថាប័នអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ទឹកក្រូចខូចគុណភាពហួសកាលបរិច្ឆេទជិត១០០០ដប ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបំផ្លាញចោលនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលខេត្តតែម្តង។
លោកវរសេនីយ៍ឯក ឆេន សុវត្ថិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការត្រួតពិនិត្យឆែកឆេរ និងរកឃើញទឹកក្រូចម៉ាក BIG ជិត១០០០ដប ពីអាជីវករលក់ដូរ និងផ្ទះចំនួន ៣នាក់ ដែលបានធ្វើអាជីវកម្មលក់ទឹកក្រូចម៉ាក BIG នាំចេញពីប្រទេសថៃ ដោយរំលោភលើកម្មសិទ្ធផ្តាច់មុខ។
លោកបន្តថា អ្នកទាំងបីនោះ រួមមាន៖ ១-ឈ្មោះ តាន់ ប៊ុនហ៊ុយ, ២-ឈ្នោះ ផ្លុង អិន, ៣-ឈ្មោះ ផល ចន្ធី នៅក្រុងសិរីសោភ័ណ។ អ្នកទាំងបី ត្រូវបានទទួលរងតាមបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុន I.Q.P.S Trading COLTD ដែលទទួលលក់ចែកចាយផ្តាច់មុខ ផលិតផលភេសជ្ជៈ Carbonated drink ម៉ាក BIG ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកនាយការិយាល័យបានបន្តថា ទឹកក្រូចដែលសមត្ថកិច្ចធ្វើការដកហូតយកមករក្សាទុក និងធ្វើការបំផ្លាញចោល សរុបចំនួន៩៦យួរ ស្មើនឹង៩៩៦ដប។ ក្នុងនោះមាន ទឹកក្រូចម៉ាក BIG ដបធំ ចំណុះ៣,១លីត្រ ចំនួន២៦យួរ ស្មើ១៥៦ដប និងទឹកក្រូចម៉ាក BIG ដបតូចចំណុះ៣២០មីលីលីត្រ ចំនួន៧០ យួរស្មើ៨៤០ដប៕