(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចចែកចាយថ្នាំពេទ្យខុសច្បាប់មួយកន្លែង ឈ្មោះ «រស្មី សួគ៌» ដោយរឹបអូសថ្នាំពេទ្យបានចំនួន៥០០កេស ស្នើជាង១.៣លានគ្រាប់ នៅភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ដោយកម្លាំងប្រតិបត្តិការពិសេសរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចម្រុះ និងកម្លាំងមូលដ្ឋាន ស្ថិតក្រោមពីការសម្របសម្រួលដោយ លោកព្រះរាជអាជ្ញារង ងិន ពេជ្រ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថា ទីតាំងដែលត្រូវបានបង្ក្រាបនេះគឺ ក្រុមហ៊ុននាំចូល និងចែកចាយឱសថឈ្មោះ «រស្មី សួគ៌» ដែលមានទីតាំងផ្ទះលេខ២១៧ ផ្លូវ១០១៩ ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានតំណាងក្រុមហ៊ុនឈ្មោះ ហោ ឈុន មានអាស័យដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ៣៥០ ផ្លូវ១៧៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន ដែលកំពុងលួចចែកចាយផលិតផលឱសថមិនអនុលោមតាមច្បាប់។
ដោយមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញត្រួតពិនិត្យឃើញមាន៖ ឱសថចំនួន២៣មុខ សរុបចំនួន៥០០កេស ស្មើនឹង១.៣២៩.៦២០គ្រាប់ និង៦៩.១០៥កញ្ចប់ និងឱសថផុតសុពលភាព មានចំនួន១២មុខ សរុប២០កេស។
ក្រោយពីបានពិនិត្យរួចរាល់ គណៈកម្មាធិការចម្រុះបានសន្និដ្ឋានបឋមបទល្មើសដូចជា៖ សង្ស័យជាទីតាំងវេចខ្ចប់ឱសថក្លែងក្លាយ និងកែសុពលភាពឱសថ, រក្សាទុក និងចែកចាយផលិតផលឱសថក្លែងក្លាយ និងផុតសុពលភាព, គ្មានលិខិតអនុញ្ញាតឲ្យចែកចាយឱសថ និងដំណើរការក្រុមហ៊ុនមិនអនុលោមតាមច្បាប់៕