(ភ្នំពេញ)៖ ក្រោមការយកចិត្ដទុក្ខដាក់សុខភាពរបស់ប្រជាពលរដ្ឋ រដ្ឋមន្រី្ដក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅរាជធានីភ្នំពេញ បន្ដយកចិត្ដទុក្ខមើលថែអ្នកជំងឺ និងអំពាវដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ត្រូវមកទទួលសេវាចាក់ថ្នាំបង្ការដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ នៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលនៅជិតលោកអ្នក ។
ទន្ទឹមនឹងនោះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង ក៏បានថ្លែងឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះថា ក្រោមការណែនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្រុមការងាររបស់លោកបានត្រៀមចាំជានិច្ច ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ គ្រប់សេវាកម្មទាំងអស់ ដោយក្រៅពីសេវាចាក់ថ្នាំបង្ការដល់ទារក កុមារ ស្ត្រីមានផ្ទៃពោះ ក៏មានសេវាពន្យាកំណើត ពិនិត្យពិគ្រោះជំងឺទូទៅ ជំងឺកាមរោគ របេង ពិនិត្យផ្ទៃពោះ សំរាលកូន សារអប់រំសុខភាព ការផ្តល់ប្រឹក្សាបន្សាបគ្រឿងញៀន និងវិធានការបង្ការជំងឺផ្សេងៗ...នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលស្តិតនៅជិតផ្ទះ(តិចជាង៥គ.ម.) របស់លោក លោកស្រី ក្នុងរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា រាល់សេវាចាក់ថ្នាំបង្ការដល់កុមារ មិនយកប្រាក់ទេ សូមបងប្អូនប្រជាពលរដ្ឋ នាំបុត្រធីតាលោកអ្នក មកទទួលថ្នាំបង្ការឲ្យគ្រប់ចំនួនកំណត់៕