(ភ្នំពេញ)៖ ទីបំផុតចំណាត់ថ្នាក់លេខ១សម្រាប់រថយន្តប្រភេទសាំង នៃព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងពីថៃមកកម្ពុជា «Asia Cross Country Rally​ 2018» ដែលបានប្រព្រឹត្តទៅរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៨ ខែសីហានេះ បានទៅលើកីឡាករកម្ពុជា ហូ សិទ្ធិគុណ មកពីក្រុមខារ៉ាកម្ពុជា ដែលបើកបររថយន្តពាក់ស្លាកលេខ១១៩។

កីឡាករ ហូ សិទ្ធិគុណ បានសម្ដែងក្ដីរីករាយយ៉ាងខ្លាំងនៅពេលទទួលបានជ័យជម្នះពីការងារដ៏លំបាកនេះ ដោយបានបញ្ជាក់ថា ការដណ្ដើមបានជ័យជម្នះនេះ ក៏មានការចូលរួមយ៉ាងស្វិតស្វាញពីសហការីរបស់លោកផងដែរ គឺកីឡាការិនី សេង សុជាតា និងកីឡាករ ពៅ តិចឡេង ដែលបានចូលរួមប្រតិបត្តិការជាមួយលោកតាំងពីដើមរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។

ក្នុងព្រឹត្តការណ៍ Asia Cross Country Rally​ ឆ្នាំ២០១៨នេះ កីឡាករកម្ពុជា ហូ សិទ្ធិគុណ ពិតជាធ្វើបានល្អណាស់តាំងពីថ្ងៃចាប់ផ្ដើមប្រណាំងដំបូងនៅប្រទេសថៃ ដោយចេញពីខេត្តចន្ទបុរី រហូតដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជា បើទោះបីជាស្ថានភាពប្រណាំងជួបឧបសគ្គលំបាកមួយចំនួនក៏ដោយ។

គួរជម្រាបថា​ ព្រឹត្តិការណ៍ Asia Cross Country Rally​ 2018​ នេះ ជាព្រឹត្តិការណ៍ប្រកួតយានយន្តអន្តរជាតិលើកទី២៣​ ប្រចាំតំបន់អាស៊ី។​ ព្រឹត្តិការណ៍នេះ​ បានចាប់ផ្ដើមពីខេត្តចន្ទបុរី​ ប្រទេសថៃ នាថ្ងៃទី១៣​ ខែសីហា និងបញ្ចប់នៅរាជធានីភ្នំពេញ​ ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០១៨នេះ។

ក្រុមប្រណាំងខារ៉ាកម្ពុជាដែលចូលរួមក្នុងនៃព្រឹត្តិការណ៍ Asia Cross Country Rally 2018 ទទួលបានការឧបត្ថម្ភធំពីភេសជ្ជៈ Zorus៕