(ភ្នំពេញ)៖ ដើម្បីកាត់បន្ថយនូវអត្រាមរណភាពរបស់ម្តាយ និងទារក សមាគមគ្រូពេទ្យកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ បានបើកសន្និសីទលើកទី២ ក្រោមប្រធានបទ «ភាពចុះខ្សោយរបស់ទារកជុំវិញកំណើត» នៅសណ្ឋាគារ Sofitel ។
សន្និសីទនេះ មានការចូលរួមពីគ្រូពេទ្យគ្រប់ជំនាញ ជាពិសេសគ្រូពេទ្យផ្នែកម្តាយ និងទារក ជាង២០០នាក់ មកពីមន្ទីរពេទ្យជាតិគ្រប់ខេត្តក្រុង ក្រោមអធិបតីភាពលោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិកម្ពុជា និងលោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។
លោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត អ៊ឹម សិទ្ធិការ្យ ជាប្រធានសមាគគ្រូពេទ្យទារកកម្ពុជា និងជាប្រធានផ្នែកប្រពោធនកម្មទារក នៃមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា សន្និសីទក្រោមប្រធានបទ «ភាពចុះខ្សោយរបស់ទារកជុំវិញកំណើត» ជាប្រធានបទដ៏សំខាន់បំផុត ព្រោះភាពចុះខ្សោយរបស់ទារកក្នុងពេលកើតជាមូលហេតុទី២ នៃកាស្លាប់របស់ទារកនៅប្រទេសកម្ពុជា បន្ទាប់ពីទារកចាប់កំណើត មកមិនគ្រប់ខែ។
លោកស្រី បានបន្តទៀតថា សន្និសីទនេះ មានគោលបំណងផ្សព្វផ្សាយចំណេះដឹងបន្ថែម លើបញ្ហាប្រឈម និងភាពខ្សោយរបស់ទារកតាមរយៈ៖ ទី១. បញ្ហាប្រឈមរបស់ម្តាយ និងរបស់ទារក, ទី២. ការតាមដានឲ្យបានល្អមុនពេលសំរាល និងពេលកំពុងសំរាល, ទី៣. ការប្រាស្រ័យទាក់ទងគ្នាបានល្អរវាងគ្រូពេទ្យ ម្តាយ និងទារកដើម្បីធ្វើការសង្រ្គោះឲ្យបានទាន់ពេលវេលា។ តាមរយៈការបង្ហាញរបស់វាគ្មិនជាតិ និងអន្តរជាតិ ពីការព្យាបាល ពិសេសចំពោះទារកដែលកើតមកខ្សោយ និងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបំផុត ដល់គ្រូពេទ្យជំនាញទាំងអស់ ដើម្បីយកទៅអនុវត្តន៍តាមបណ្តាមន្ទីរពេទ្យរបស់ខ្លួន ដើម្បីចូលរួមក្នុងការកាត់បន្ថយមរណភាពទារក នៅព្រះរាជាណាចក្រកម្ពុជាយើងនេះ។
ជាមួយគ្នានោះដែរ លោក ធា គ្រុយ បានថ្លែងថា សនិ្នសីទនេះ បានបញ្ជាក់អំពីសាមគ្គីភាពល្អ ពីជំនាញនីមួយៗ ជាពិសេសជំនាញម្តាយ និងទារកដូចជាការធ្វើបទបង្ហាញជាច្រើន ព្រមទាំងការពិភាក្សាដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីដំណើរការឲ្យជឿនលឿនតាមបច្ចេកទេសវេជ្ជសាស្រ្ត ក្នុងការកាត់បន្ថយមរណៈរបស់ម្តាយ និងទារក។
លោករដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានកោតសសើរចំពោះគណៈកម្មការរៀបចំកម្មវិធី និងសមាគមគ្រូពេទ្យទារកផ្ទាល់ ដែលតែងតែរួបរួមគ្នារៀបចំឲ្យមានកម្មវិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ថ្មីៗ និងជឿនលឿន ដែលអាចជួយឲ្យវិស័យសុខមាលភាពដល់ទារក និងមាតា កាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕