(ភ្នំពេញ)៖ លោក សាយ ហាក់ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជានាយកខុទ្ទការល័យសម្តេចក្រុមព្រះនរោត្តម រណ ឫទ្ធិ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ បានសម្តែងការគាំទ្រទាំងស្រុងចំពោះ សេចក្តីសម្រេចរបស់សម្តេចព្រះ ក្នុងការកែទម្រង់សមាសភាពថ្មីរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីធ្វើយ៉ាងណាឲ្យគណបក្សរាជានិយមមួយនេះ មានការគាំទ្រខ្លាំងក្លាឡើងវិញនៅពេលខាងមុខ។
ថ្លែងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ លោក សាយ ហាក់ បានលើកឡើងថា ក្នុងនាមលោកជាអ្នកដង្ហែរតាមព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ លោកសូមធ្វើការគាំទ្រចំពោះ កំណែទម្រង់របស់ព្រះអង្គ ក្នុងការដូរសមាសភាពថ្នាក់ដឹកនំាគណបក្សមួយចំនួនដើម្បីធ្វើយ៉ាង ឲ្យគណបក្សហ៊្វុនស៊ិនប៉ិចមានភាពរុងរឿងឡើងវិញនោះ។
យោងតាមសេចក្តីសម្រេចរបស់សម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិកាលពីកន្លងទៅនេះ បានសម្រេចបញ្ចប់មុខតំណែង លោក យួ ហុកគ្រី លោក ប៉ោ ប៊ុនស្រឺ និងលោក ញ៉េប ប៉ុនជិន ពីអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចឲ្យទៅជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យ គណបក្សហ៊្វុនស៊ិនប៉ិចវិញ និងអគ្គលេខាធិការរងមួយរួបគឺលោក វ៉ាន់ សុផាន់ណាជាសមាជិកគណបក្សធម្មតា។
លោកសាយ ហាក់បានឲ្យដឹងថា ការបញ្ចប់មុខដំណែងមន្រ្តីខាងលើនេះ គឺដើម្បីធ្វើឲ្យពួកគាត់ងាយស្រួលធ្វើការក្នុងនាមជាចាស់ទុំគណបក្ស ហើយមិនមានបញ្ហាអ្វីកើតឡើងក្នុងជួរគណបក្សនោះឡើយ៕