(ក្រចេះ)៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា រថយន្តសាំងយ៉ុងដឹកឈើនៅពេលថ្ងៃ តែងតែបើកបរក្នុងល្បឿនយ៉ាងលឿន វ៉ាជែងគ្នាចុះឡើង និងបង្កភាពភ័យខ្លាចដល់ពួកគាត់ធ្វើដំណើរតាមដងផ្លូវ និងធ្លាប់បង្កករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាច្រើនលើករួចមកហើយ បណ្ដាយឲ្យមនុស្សស្លាប់ដោយសាររថយន្ដដឹកឈើពេលថ្ងៃជាច្រើនករណី នៅក្រុងក្រចេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថា រថយន្ដដឹកឈើទាំងនោះ ដឹកឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ បន្តទៅលក់នៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ មានរថយន្ដសាំងយ៉ុងដឹកឈើ បើកបរប្រជែងគ្នាឆ្លងកាត់ក្រុងក្រចេះជាច្រើនគ្រឿង ដល់ចំណុច ឃុំបុសលាវ ស្រុកចិត្របុរី ស្រាប់តែមានសមត្ថកិច្ចតាមបង្រ្កាប តែពួកគេបានយកឈើប្រភេទក្ដា ទម្លាក់ចោលតាមផ្លូវដើម្បីគេចវេសពីការបង្ក្រាបនេះ។ ហើយម្ចាស់រថយន្ដទាំងនោះ ត្រូវសមត្ថកិច្ចបង្ហើបប្រាប់ថាឈ្មោះ ឆយ នៅ ខេត្តត្បូងឃ្មុំ ហើយឈ្មោះឆយនេះ ជាឈ្មួញឈើយូរឆ្នាំហើយ នាពេលកន្លងមកតែងបើកបររថយន្ដបុក គៀ ឬវ៉ារថយន្ដសមត្ថកិច្ច នៅពេលតាមបង្រ្ការថយន្ដរបស់ពួកគេ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងទៀតថា ពួកគាត់មានការភ័យខ្លាចចំពោះរថយន្តសាំងយ៉ុងដឹកឈើទាំងកណ្ដាលថ្ងៃ ដែលពួកគេតែងតែបើកបរ វ៉ាប្រជែងគ្នាក្នុងក្រុង ហើយបើកបរ ក្នុងល្បឿនយ៉ាងលឿន ពេលខ្លះពួកគាត់ដឹកកូនទៅរៀន គេចពីរថយន្ដទាំងនោះធ្លាក់ផ្លូវក៏មានដែរ។ ប្រជាពលរដ្ឋបានសំណូមពរ ដល់សមត្ថកិច្ចជំនាញ ឲ្យមានការទប់ស្កាត់រថយន្ដដែលដឹកឈើពេលថ្ងៃទាំងនោះផង បើបណ្ដោយឲ្យក្រុមទាំងនេះនៅតែបន្តទៀត គ្រោះថ្នាក់ចរាចរណ៍នឹងកើតមានឡើង ដោយសាររថយន្ដទាំងនេះ ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្ដដឹកឈើពេលថ្ងៃនេះ បង្កឲ្យមនុស្សស្លាប់នៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ និងនៅចំណុចផ្សេងៗទៀត ក្នុងខេត្តក្រចេះ ជាច្រើនករណីមកហើយ៕