(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឲ្យក្រុមហ៊ុន Asia Property Cambodia Limited មានទីតាំងស្ថិតនៅក្បាលដីលេខ៣២៧ មហាវិថីព្រះនរោត្តម (៤១) ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ផ្អាកការសាងសង់ជាបណ្ដោះអាសន្ន រង់ចាំតុលាការសម្រេចដល់រឿងអង្គសេចក្ដីចប់ជាស្ថាពរ។
ការសម្រេចរបស់តុលាការខាងលើនេះ បានធ្វើឡើងដោយសារការសាងសង់របស់ក្រុមហ៊ុនមួយនេះ បានធ្វើឲ្យប៉ះពាល់ដល់ហាង Today Cafe ដែលនៅក្បែរនោះយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យប្រេះស្រាំសំណង់ហាង។
ការអនុវត្តដីកាចាត់ចែងជាបណ្ដោះអាសន្ននេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដឹកនាំដោយលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលាចុះទៅដល់ទីតាំងតែម្តង។
មន្ត្រីចូលរួមការអនុវត្តបានបញ្ជាក់ថា លោក ម៉ង វិរុត ជាមេការគ្រប់គ្រងការដ្ឋានសំណង់ មិនមានការជំទាស់នឹងការសម្រេចរបស់តុលាការទេ គ្រាន់តែសំណូមពរឱ្យមានការចេញចូលធម្មតា ដើម្បីមើលថែសម្ភារដែលមានក្នុងការដ្ឋាន ហើយឯកភាពផ្អាកមិនដំណើរការសាងសង់អ្វីទៀតទេ បើមានករណីលួចសង់ គឺលោកទទួលខុសត្រូវមុខច្បាប់។
តាមការរៀបរាប់របស់លោក ហេង បញ្ញាតេជសីហ៍ មេធាវីតំណាងដោយអាណត្តិរបស់ម្ចាស់បំណុលឈ្មោះ ហេង សុភារ៉ា បញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមហ៊ុន Asia Property Cambodia Limited បានបើកការដ្ឋានសាងសង់អគារការិយាល័យ។
ការសាងសង់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ហាង Today Cafe មានការប្រេះជញ្ជាំងឥដ្ឋ ធ្នឹម និងធ្វើឱ្យខូចខាតគ្រឿងបង្គុំសំណង់ជាដើម ធ្វើឱ្យហាងកាហ្វេមិនអាចដំណើរការរកស៊ីរយៈពេលជាង៤ខែ និងខាតបង់ផលប្រយោជន៍ជាច្រើន។ លោកបន្តថា «ហាងកាហ្វេនេះត្រូវបានបង្ខំចិត្តបិទអាជីវកម្មរបស់ខ្លួនចំនួន៤ខែមកហើយ បើគិតចាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨មក ដោយខ្លាចប៉ះពាល់ដល់អាយុជីវិត សុវត្ថិភាព អតិថិជន ដោយសារគ្រឹះកម្ទេចបាក់ធ្លាក់មក»។ មិនតែប៉ុណ្ណោះ ភាគីខាងក្រុមហ៊ុនបានបំពានទៅនឹងលក្ខខណ្ឌទី២ នៃលិខិតស្នើសុំសាងសង់អគារការិយាល័យរបស់អភិបាលរាជធានីភ្នំពេញថែមទៀតផង។
ក្រោយពីមានបញ្ហាកើតឡើង ម្ចាស់ហាង Today Cafe បានធ្វើការចរចាររកដំណោះស្រាយជាមួយក្រុមហ៊ុន Asia Property Cambodia Limited ដោយក្រុមហ៊ុនសន្យាធានាជុសជុលហាងឡើងវិញ និង បានធ្វើលិខិតទទួលខុសត្រូវសាងសង់ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។ ប៉ុន្តែក្រោយមក ក្រុមហ៊ុនមិនបានអនុវត្តកាតព្វកិច្ចនេះទេ ចេះតែគេចវេស ហើយនៅតែបន្តការសាងសង់អគារ និងធ្វើឱ្យហាងខូចខាតធ្ងន់ធ្ងរទៅៗ រហូតតុលាការបានចេញដីកាសម្រេចឲ្យផ្អាកសាងសង់តែម្តង។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបកស្រាយពីភាគី ឬតំណាងក្រុមហ៊ុន Asia Propery Cambodia បានទេ ដោយសារតែមិនមានលេខទូរស័ព្ទ៕