(កណ្តាល)៖ នៅព្រឹកថ្ងៃ៧ កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ លោក កៅ ថាច អនុប្រធានគណ:ពង្រឹងស្រុកល្វាឯម និងជាប្រធានចលនាយុវជនគណបក្សប្រជាជនស្រុកល្វាឯម តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តៃយ៍គណ:ពង្រឹងមូលដ្ឋានស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល បានជួបសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ សរុបចំនួន៤០៩នាក់ មកពីវិទ្យាល័យចំនួន៣ (វិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុង, វិទ្យាល័យហ៊ុនសែនទឹកឃ្លាំង និងវិទ្យាល័យហ៊ុនសែនល្វាស)។
នាឱកាសនេះផងដែរ លោក កៅ ថាច ក៏បាននាំមកនូវថវិកាឧបត្ថម្ភសរុបចំនួន ៤០,៩០០,០០០រៀល (សែសិបលានប្រាំបួនរយពាន់រៀល) របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានគណៈអចិន្រ្តៃយ៍គណ:ពង្រឹងមូលដ្ឋានស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល សម្រាប់ចែកជូនដល់សិស្សានុសិស្ស ដើម្បីសម្រួលបន្ទុកចំណាយក្នុងការធ្វើដំណើរ និងការស្នាក់នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ ដោយឧបត្ថម្ភសិស្សម្នាក់ៗចំនួន ១០០,០០០រៀល (មួយរយពាន់រៀល)។
ក្នុងឱកាសនោះដែរ លោក កៅ ថាច ក៏បានផ្តាំផ្ញើដល់បេក្ខជនត្រៀមប្រឡងទាំងអស់ត្រូវថែរក្សាសុខភាព ត្រូវគោរពឲ្យបាននូវបទបញ្ញត្តិ ដែលក្រសួងអប់រំបានកំណត់ ត្រូវប្រឡងសូមគោរពម៉ោងពេល និងគោរពវិន័យ ជៀសវាងការយកចូលមណ្ឌលប្រឡង នូវឧបករណ៍អេឡិចត្រូនិច សំណៅឯកសារជាដើម។
សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៨ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ៕