(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំនេះ ក្រសួងអប់រំ យុវជន​ និងកីឡា និងបន្តរឹតបន្តឹងដដែល មិនបន្ធូបន្ថយទេ ដោយផ្អែកលើគោលការណ៍ទាំងបួនរួមមាន៖ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ដូចនេះក្មួយៗត្រៀមប្រឡងបាក់ឌុបទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង។

ជាមួយគ្នានោះដែរលោក ម៉ម ប៊ុននាង ក៏បានសន្យាថា នឹងផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សានុសិស្ស ដែលប្រឡងជាប់និទេស A ដោយផ្តល់ជូនម៉ូតូ១គ្រឿងផងដែរ។

លោក ម៉ម ប៊ុននាង បានលើកឡើងបែបនេះ ខណៈលោកអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យហ៊ុនសែនសិរីដីដុះ និងវិទ្យាល័យហ៊ុនសែនស្អាង (ស្រុកស្អាង) សរុបចំនួន៦៧នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នឹងប្រព្រឹត្តទៅនាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ នៅវិទ្យាល័យហ៊ុនសែនសិរីដីដុះ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

ជាមួយគ្នានោះ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា រូបនេះ ក៏បានថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទូទាំងឃុំកំពង់ស្វាយដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោក ​ម៉ម ប៊ុននាង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួម និងលើកកម្ពស់គុណភាព ក្នុងវិស័យអប់រំ និងខិតខំបង្រៀនសិស្សា​នុសិស្ស នាពេលកន្លងមកអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។ ម៉្យាងទៀតលោកគ្រូ អ្នកគ្រូ ពិតជាបានចូលរួមយ៉ាងសកម្ម ក្នុងកំណែរទម្រង់ស៊ីជម្រៅលើវិស័យអប់រំឲ្យកាន់តែមានគុណភាព។

លោកបានបញ្ជាក់ជូនសិស្សានុសិស្សថា «ក្មួយៗជំនាន់នេះ មានសំណាងណាស់ ដែលមានឳកាសអង្គុយរៀនក្រោមម្លប់សន្តិភាពគ្រូបង្រៀ​ន​ល្អៗ មានបន្ទប់រៀន មានសាលារៀនល្អៗ មានសៀវភៅសិក្សារៀនសូត្រ សមរម្យ មានប្រព័ន្ធអីនធ័រណេត សម្រា​ប់​​សិក្សាស្រាវជ្រាវ និងមានអ្នកជួយគាំទ្រ សព្វបែបយ៉ាង ដូចនេះក្មួយៗ ត្រូវក្តាប់ឱកាសអោយជាប់ ដើម្បីកែប្រែវាសនារបស់ខ្លួនឯង និងសង្គមជាតិ»។

លោក ម៉ម ប៊ុននាង បានបន្តទៀតថា ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្មួយៗ បងប្អូនកម្មករ-កម្មការិនី និងមន្ត្រីរាជការ ត្រូវបានតំឡើងប្រាក់បៀវត្សរ៍ ប្រាក់ឈ្នួលជាបន្តបន្ទាប់។ ទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន មានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបមានអ្នកវិនិយោគទុនមកបណ្តាក់ទុននៅប្រទេសយើងកាន់តែច្រើន និងធ្វើឲ្យបងប្អូន អ៊ុ ពូ មីង និងក្មួយៗមានភាពងាយស្រួល ក្នុងការស្វែងរកការងារធ្វើដើម្បីបានចំណូលក្នុងការផ្គត់ផ្គង់គ្រួសារ។

ក្នុងឱកាសនោះ ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភារូបនេះ ក៏បាននាំយកថវិកាចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៦៧នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន៥ម៉ឺនរៀល ព្រមទាំងបាននាំយកថវិកា ចូលរួមរំលែកទុក្ខក្រុមគ្រួសារសពចំនួន៦គ្រួសារ ដែលចំណាយថវិកាសរុប ចំនួន៤,៦១០,០០០រៀល៕