(ព្រះសីហនុ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០១៨នេះ បានប្រកាសថា ដោយសារមានភ្លៀងច្រើន បង្កឲ្យជន់ហូរលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគី ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ស្ថានភាពបែបនេះ ត្រូវបានអាជ្ញាធរផ្អាកការធ្វើចរាចរណ៍ ឆ្លងកាត់ទីនោះជាបណ្តោះអាសន្ន។

ក្រសួងធនធានទឹក បានបញ្ជាក់ថា​ «បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើននៅតំបន់ជួរភ្នំក្រវាញ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ជន់ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ៤ ថ្មីម្តងទៀត ត្រង់ចំណុចស្ពានអូរគគី (គម ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ ចរាចរណ៍ឆ្លងកាត់នៅចំណុចខាងលើ ត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្នសិន»

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានឲ្យដឹងផងដែរថា ស្ថានភាពទឹកជំនន់នេះ នាំឲ្យការឆ្លងកាត់ត្រូវផ្អាកជាបណ្តោះអាសន្ន ហើយកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងជួយអន្តរាគមន៍នៅទីនោះ។

ជាមួយគ្នានេះ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ89-90 ក៏ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នផងដែរ។

បើតាមភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ ​បានរាយការណ៍ថា ​បើគិតមកដល់ពេលនេះ​កម្ពស់ទឹកហូរកាត់ផ្លូវជាតិជ្រៅបំផុតកម្ពស់ប្រហែល១តឹក និងមានចម្ងាយប្រហែល២០០ម៉ែត្រ សមត្ថកិច្ចកំពុងសម្រួលចរសចរណ៍​ក៏ប៉ុន្តែតែភ្លៀងនៅតែរលឹមមិនទាន់ឈប់ទេ៕