(ស្វាយរៀង)៖ លោក ឌី វិជ្ជា ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសគាំទ្រទាំងស្រុងនូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលប្រកាសដោយ គ.ជ.ប ថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់គ្រងទាំង១២៥អសនៈ នៅក្នុងរដ្ឋសភា។
ក្នុងនាមជាតំណាងរបស់ ស.ស.យ.ក លោក ឌី វិជ្ជា បានថ្លែងថា «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះ មិនមានការបង្ខិតបង្ខំនោះទេ គឺពលរដ្ឋបានទៅចូលរួមការបោះឆ្នោត ដោយផ្អែកលើឧត្តមគតិផ្ទាល់ខ្លួន ហើយជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ សម្រាប់លទ្ធផល នៃការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដីនោះ ធ្វើឱ្យយើងទាំងអស់គ្នាពេញចិត្តយ៉ាងខ្លាំង ក៏ព្រោះពួកយើងបានសម្រេចនូវការជ្រើសរើសត្រឹមត្រូវ និងមានប្រជាពលរដ្ឋរាប់លាននាក់ទៀត បានសម្រេចចិត្តដូចពួកយើងផងដែរ»។
សូមជម្រាបថា ការប្រកាសចូលរួមអបអរសាទរនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុង នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចបានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភាតែម្តង ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ។
លោក ឌី វិជ្ជា បានចាត់ទុកថា «ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាការបោះឆ្នោតដែលត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្ថិតនៅបរិយាកាសនយោបាយ សុខសន្តិភាព អព្យាក្រិត្យ សេរី តម្លាភាព បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាចំនួន៨៣,០២%នៃបញ្ជីបោះឆ្នោត»។
ជាថ្មីម្តងទៀត ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាទាំងមូលនៅក្នុងខេត្តស្វាយរៀង សូមប្រកាសយ៉ាងឱឡារឹក គាំទ្រយ៉ាងពេញទំហឹងនូវលទ្ធផលលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។
ជាមួយគ្នានេះ លោក ឌី វិជ្ជា ក៏សូមថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀង រហូតធ្វើឲ្យខេត្តមួយនេះ បានទទួលអសនៈទាំង៥តែម្តង។
លោកបានបន្តថា ចាប់ពីពេលនេះតទៅ រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបន្តបេសកម្មដើម្បីជាតិមាតុភូមិ ក្នុងកិច្ចការងារអភិវឌ្ឍប្រទេសឲ្យរីកចម្រើន ផ្តោតសំខាន់ទៅលើ៤ធំៗគឺរួមមាន៖ ទឹក, ភ្លើង, ផ្លូវ និងធនធានមនុស្សផងដែរ ហើយនឹងបង្កើនការវិនិយោគឲ្យបានច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋឲ្យច្រើនបន្ថែមទៀត ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនពលរដ្ឋធ្វើឲ្យមានជីវភាពធូធារបានមួយកម្រឹតថែមទៀត៕