(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ ស្ថិតនៅចំណុចមុខមន្ទីពេទ្យ ៨៨៨ចាស់ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចយកម៉ូតូ ០១គ្រឿង ម៉ាក វេវ អេស ស៊េរីចាស់ គ្មានស្លាកលេខ របស់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះចតម៉ូតូ ទុកចោលនៅមុខមន្ទីពេទ្យ ៨៨៨ចាស់ ហើយចូលទៅទិញថ្នាំនៅក្បែរនោះ។
បន្ទាប់ពីបានទទួលបានដំណឹង ភ្លាមៗនោះ កម្លាំងជំនាញផែនការនគរបាលព្រហ្មទណ្ឌ បានដាក់កម្លាំងស្ទាក់ចាប់បានជនសង្ស័យ ក្នុងពេលដែលគេកំពុងជិះម៉ូតូ ដែលគេលួចបាននៅជិតរង្វង់មូលតោ២ និងឈានដល់ការឃាត់ខ្លួនបានបក្ខពួករបស់គេម្នាក់ទៀត។
បើតាមរបាយកាណ៍ ជនរងគ្រោះឈ្មោះ យិន យ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់រ៉ឺម៉ក មានទីលំនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សម្ភារបាត់បង់ រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក វេវ អេស ស៊េរីចាស់ គ្មានស្លាកលេខ ជាម៉ូតូសណ្តោងរ៉ឺម៉ក។
ចំណែក ជនសង្ស័យ ទាំង០២នាក់ រួមមាន៖ ឈ្មោះ ហឺម ចាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ជាជនដៃដល់ និងម្នាក់ទៀតឈ្មោះ ម៉ៅ ប៊ុនថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ជាបក្ខពួកសមគំនិត។ វត្ថុតាងចាប់យកបាន រួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក វេវ អេស ស៊េរីចាស់ គ្មានស្លាកលេខ, ម៉ូតូ ០១គ្រឿង ម៉ាក អ៊ែរប្លែត ពណ៌ក្រហម-ស គ្មានស្លាកលេខ។
បច្ចុប្បន្ន ចំពោះជនសង្ស័យទាំង ០២នាក់ ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត តាមនីតិវិ់ធី៕