មន្រ្ដីជាន់ខ្ពស់២រូប របស់ក្រសួងផែនការ និងធនាគារជាតិនៃកម្ពុជា ពន្យល់ពីសារសំខាន់ នៃការចងក្រងស្ថិតិតាមកន្លែងធ្វើការដល់សាធារណជន
18-08-2018 10:49
(ភ្នំពេញ)៖ លោកស្រី ជា សេរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា និងលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានរួមគ្នាពន្យល់លម្អិតពីអត្ថប្រយោជន៍ នៃការចងក្រងស្ថិតិដល់សាធារណជន។
ការពន្យល់លម្អិតនៃសារសំខាន់លើការចងក្រងស្ថិតិនេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា រួមទាំងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកស្រី ជា សេរី បានថ្លែងថា គោលបំណងសំខាន់ នៃការរៀបចំសិក្ខាសាលានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីសារសំខាន់នៃស្ថិតិ ដូចអ្នកទាំងអស់គ្នាមើលឃើញហើយថា ប្រទេសកម្ពុជាកំពុងដើរទៅមុខ យ៉ាងលឿន ដូច្នេះហានិភ័យខាងក្រៅ និងហានិភ័យខាងក្នុង ក៏មានច្រើនជាងមុនដែរ។ ប្រសិនបើយើងទទួលបាននូវទិន្នន័យ ព័ត៌មានគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ ហើយអាចមកវិភាគទាន់ពេលវេលានោះ នឹងអាជួយកាត់បន្ថយហានិភ័យទាំងនេះបាន។
លោកស្រីបានបញ្ជាក់ទៀតថា ការផ្សព្វផ្សាយថ្ងៃនេះ រវាងធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ គឺចង់ផ្សព្វផ្សាយទៅគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអាជីវករ និងវិស័យអប់រំជាដើមនេះ ដើម្បីឲ្យពួកគាត់យល់ដឹងពីសារសំខាន់ និងចូលរួមចំណែកក្នុងការផ្ដល់ទិន្នន័យ។
លោកស្រី ជា សេរី បានបន្ថែមទៀតថា ការចងក្រងស្ថិតិពិតជាមានសារសំខាន់ព្រោះ នៅពេលដែលធ្វើអ្វីមួយចាំបាច់ ត្រូវមានទិន្នន័យដើម្បីវិភាគ ប្រសិនបើមិនមានទិន្ន័យនោះទេច្បាស់ណាស់ថា មិនអាចវិភាគ ឬធ្វើអ្វីមួយដោយច្បាស់លាស់នោះឡើយ។
ក្នុងនោះដែរលោកស្រី ហង់ លីណា បានឲ្យដឹងដែរថា ការចង់ក្រស្ថិតិពិតជាសំខាន់ ក៏ប៉ុន្ដែក៏នៅមានផលលំបាកមួយចំនួនដែលបានកើតឡើងដូចជាបញ្ហាថវិកាជាដើម តែទោះជាយ៉ាងណាក៏វិទ្យាស្ថាននៅតែបន្ដខិតខំធ្វើយ៉ាងណាពង្រឹង ការចងក្រងស្ថិតិនេះ ឲ្យបានកាន់តែល្អប្រសើរព្រោះថា ប្រសិនបើគ្មានស្ថិតិទេ គឺការធ្វើអ្វីមួយនឹងជួបការលំបាកច្រើន។
លោកស្រី នាវ ច័ន្ទថាណា ក៏បានឲ្យដឹងដែរថា នេះមិនមែនជាលើកទី១ឡើយ ដែលវិទ្យាស្ថាន និងធនាគារជាតិ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី សារសំខាន់នៃការចងក្រងស្ថិតិ កន្លងមកធនាគារជាតិ បានរួមគ្នាធ្វើយ៉ាងហូរហែរ។
លោកស្រីបន្ដទៀតថា សារសំខាន់ នៃការចងក្រងស្ថិតិនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីអត្ថប្រយោជន៍ នៃការចង់ក្រង និងការប្រើប្រាស់ទិន្នន័យស្ថិតិសេដ្ឋកិច្ច ក្នុងការរៀបចំគោលនយោយបាយម៉ាក្រូសិដ្ឋកិច្ច ផែនការនិងយុទ្ធសាស្រ្ដអភិវឌ្ឍណ៍ និងការសិក្សាស្រាវជ្រាវនានា ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕