(ស្វាយរៀង)៖ ដោយសម្តែងការដឹងគុណចំពោះម្ចាស់ឆ្នោត នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ជ័យ សុន តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលខេត្តស្វាយរៀង អមដំណើរដោយ លោកស្រី ឈុំ ចរិយា រួមទាំងថ្នាក់ដឹកនាំបក្សខេត្តមួយចំនួនទៀត បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង ដើម្បីថ្លែងអំណរគុណពួកគាត់ ដែលបានបោះឆ្នោតគាំទ្រផ្តល់ជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត ជ័យ សុន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបន្តផ្តល់សេចក្តីទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺជាជោគជ័យរបស់ប្រជាពលរដ្ឋគ្រប់គ្នា ក្នុងការការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិទៅមុខទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
តាមរបាយការណ៍បានឱ្យដឹងថា នៅមណ្ឌលស្វាយរៀងនេះ មានអាសនៈចំនួន៥។ ខេត្តនេះមានប្រជាពលរដ្ឋប្រមាណ៨៧ភាគរយ បានទៅចូលរួមបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីជាង៣.៥សែននាក់។ គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់ រហូតឈ្នះទាំង៥អាសនៈនៅក្នុងខេត្តនេះ។
បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតទាំង៥ របស់គណបក្សប្រជាជនកម្ពុជានោះរួមមានដូចតទៅ៖ ១៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន, ២៖ លោកស្រី ដួង វណ្ណា, ៣៖ លោកបណ្ឌិត ជ័យ សុន, ៤៖ លោកស្រី ឈុន សារឹម និង៥៖ លោកស្រី ពៅ សុភាព។
សូមបញ្ជាក់ថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ បានបង្ហាញទាំងស្រុង នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា ចំណែកគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតពុំបានទទួលអាសនៈណាមួយឡើយ៕