(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅសៀលទី១៧ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ ភូមិ-ឃុំ ទៅប្រគល់ផ្ទះថ្មីមួយខ្នងទៀត ដែលជាខ្នងផ្ទះទី៩៤ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ លោក នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនលោកពលបាលឯក ដៀក ហ៊ាម នៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកពលបាលឯក ដៀក ហ៊ាម មានអាយុ៤៦ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ១៩៩០ បានត្រូវរបួសពិការ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៧ នៅសមរភូមិផ្លូវ១២(៦២) ។ លោក ដៀក ហ៊ាម មានភរិយាឈ្មោះ សោ ផារី អាយុ ៣៥ ឆ្នាំ មានកូនតូចៗចំនួន០៦នាក់ សុទ្ធតែប្រុសទាំងអស់ ដោយប្រកបមុខរបរធ្វើស្រែ រួមផ្សំនឹងប្រាក់បៀវត្សដែលរាជរដ្ឋាភិបាលផ្តល់ជូនគាត់ប្រចាំខែចំនួន៦២០,០០០រៀលផងដែរ។ ផ្ទះថ្មីដែលទើបសាងសង់រួចប្រគល់ជូនគាត់នាពេលនេះមានទំហំ ៦ម៉ែត្រx៨ម៉ែត្រ ដែលត្រូវបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន៧,៣២០,០០០រៀល។
ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់បងប្អូន ដែលបានអញ្ជើញទៅបោះឆ្នោតបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងប្រគល់ផ្ទះថ្មីនៅល្ងាចនេះ លោក និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកនូវអំណោយសម្ដេចតេជោ ហ៊ុន សែន ផ្តល់ជូនគាត់បន្ថែមទៀតរួមមាន៖ អង្ករចំនួន៥០ គីឡូក្រាម , មីយើងចំនួន០២ កេស , មុងជ្រលក់ថ្នាំចំនួន០២ និងថវិកា ចំនួន២០០,០០០ រៀលផងដែរ៕