(ភ្នំពេញ)៖ អ្នកបើករថយន្ដ Lexus 570 ពាក់ស្លាកលេខរដ្ឋ នៅក្នុងសំណុំរឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទៅភ្ជង់អ្នកបើករថយន្ដស្ទួច ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ បញ្ជូនទៅដល់តុលាការជាថ្មីម្តងទៀត នៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីបន្តការសួរនាំម្តងទៀតនៅដៃចៅក្រម។
កាលពីល្ងាចម្សិលមិញជននេះ និងបក្ខពួកម្នាក់ទៀត ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ សម្រេចចោទប្រកាន់ចំនួន៣បទល្មើស ខណៈដែលបក្ខពួកម្នាក់ទៀត ត្រូវចោទប្រកាន់មួយបទល្មើស។
សេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការលោក ជួន សុជាតិ បានឲ្យដឹងមុននេះថា ជនបង្កជាម្ចាស់រថយន្ដ Lexus 570 ឈ្មោះ ទ្រី ដារិន ហៅហ៊ាពៅៗ អតីតជាអ្នករកស៊ីកាប់ជ្រូកដ៏ធំមួយ នៅម្ដុំគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់៣បទល្មើស រួមមាន៖ ទី១៖គំរាមកំហែងថានឹងសម្លាប់ ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា២៣៤ នៃក្រមព្រហ្មទណ្ឌ, ទី២៖កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ និងទី៣៖ប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្ដ ដែលមានសញ្ញាសម្គាល់ យោងតាមមាត្រា៦១៥ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែក បក្ខពួកម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ ត្រូវបានចោទប្រកាន់មួយបទល្មើស គឺគំរាមកំហែងថានឹងសម្លាប់ ដោយបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា២៣៤ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អត្តសញ្ញាណ និងប្រវត្តិរបស់ជនបង្ករូបនេះ មិនទាន់ត្រូវបានលាតត្រដាងជាផ្លូវការពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ ប៉ុន្ដែសេចក្ដីរាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននោះ បានបង្ហាញថាជនម្នាក់នេះ មានឈ្មោះ ទ្រី ដារិន អាយុ៣៨ឆ្នាំ ជាអតីតអ្នករកស៊ីកាប់ជ្រូកនៅម្ដុំគីឡូម៉ែត្រលេខ៦ ដែលគេហៅថា ហ៊ាពៅៗ ប៉ុន្ដែរូបគេបានបោះបង់មុខរបរ មួយនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំហើយ ក្រោយជំពាក់ប្រាក់ និងបោកគេជាច្រើននាក់។
យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ជើងគោក បានរៀបរាប់ពីដំណើររឿងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ០២៖១៥នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ដែលមានរថយន្ដបង្ក Lexus 570 ពណ៌ស ពាក់ស្លាកលេខរដ្ឋ07-2-8989 បានទៅបុកឃឿន និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាតស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ក្រោយមានគ្រោះថ្នាក់ចរាចរណ៍នេះ នគរបាលចរាចរណ៍ក៏បានចុះមកវាស់វែង ហើយហៅរថយន្ដស្ទួចមកដឹករថយន្ដបង្ក ឆ្ពោះទៅកាន់ ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីឲ្យម្ចាស់រថយន្ដចូល ទៅបង់ផាកពិន័យតាមផ្លូវច្បាប់។ ប៉ុន្ដែពេលដែលអ្នកបើករថយន្ដស្ទួច កំពុងដឹករថយន្ដបង្ក ដល់ម្ដុំវត្តទួលអស់លោក ក៏លេចមុខម្ចាស់រថយន្ដ ជាមួយបក្ខពួកម្នាក់ទៀត ឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ៣០ឆ្នាំ បើករថយន្ដ Corolla មួយគ្រឿង ទៅពាំងពីមុខរថយន្ដស្ទួច បន្ទាប់មកជនបង្ក ទ្រី ដារិន បានទាញកាំភ្លើងភ្ជង់អ្នកបើករថយន្ដស្ទួច និងបញ្ជាឲ្យដឹងរថយន្ដរបស់ខ្លួន ទៅទុកនៅក្នុងផ្ទះស្ថិតនៅផ្ទះលេខ ផ្ទះលេខ R0204 ក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
ក្រោយមានហេតុការណ៍នេះកើតឡើង អ្នកបើករថយន្ដស្ទួច និងព្រូរថយន្ដម្នាក់ទៀត បានរាយការណ៍មកកាន់នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីមានវិធានការណ៍ ពេលនោះនគរបាល បានចុះទៅស្វែងរកទីតាំងដែលជននេះ លាក់រថយន្ដរហូតដល់ម៉ោងជាង៥ទាបភ្លឺ ទើបរកឃើញ រួចហើយក៏ធ្វើការឡោមព័ទ្ធ និងរាយការណ៍ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា សុំបទបញ្ជាចូលឆែកឆេរ និងធ្វើការសួរនាំជាមួយជនពាក់ព័ន្ធ។
លុះព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌឫស្សីកែវ ក្រោមការសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារង សៀង សុខ ក៏បានចូលទៅឆែកនៅក្នុងផ្ទះ ឃើញរថយន្ដ និងឃើញជនបង្ក ព្រមទាំងបក្ខពួក ក៏សម្រេចឃាត់ខ្លួន បន្ដការសួរនាំ ប៉ុន្ដែនៅពេលកំពុងសួរនាំជនបង្កដែលអត្តចរិកឈ្លើយ និងមិនខ្លាចរអែងច្បាប់ ទើបបង្ខំឲ្យសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង។
តាមសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនម្នាក់នេះ ប្រឈមនឹងបទល្មើសមួយចំនួន ដូចជា៖ បំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ, ប្លន់យកវត្ថុតាងរបស់សមត្ថកិច្ច, ប្រើប្រាស់កាំភ្លើងអត់ច្បាប់ និងប្រើប្រាស់រថយន្ដអត់បង់ពន្ធ។ ក្នុងនោះកាំភ្លើងដែលរូបគេប្រើប្រាស់ សមត្ថកិច្ចអះអាងថា បានទិញមកពីប្រទេសថៃ ដោយឡែករថយន្ដដែលពាក់ស្លាកលេខរដ្ឋនោះ ទិញបន្ដពីគេ ដោយមិនមានការបង់ពន្ធ និងក៏ពាក់ព័ន្ធជាមួយមន្ដ្រីជាន់ខ្ពស់ម្នាក់ ប៉ុន្ដែសមត្ថកិច្ចមិនទាន់បានបញ្ជាក់អត្តសញ្ញាណ។
តាមអ្នករកស៊ី និងអ្នកដែលធ្លាប់ស្គាល់ជនម្នាក់នេះ បាននិយាយថា រូបគេគឺជាមនុស្សដែលមានអត្ដចរិកឈ្លើយ កោងកាច និងមិនចេះខ្លាចរអាច្បាប់ទម្លាប់នោះឡើយ ដោយសារតែមានលុយ និងស្គាល់អ្នកមានបុណ្យស័ក្ដិខ្ពស់ៗ។
ដូច្នេះឆ្លើយតាមការប្រព្រឹត្តបទល្មើសទាំងនេះ ស្ថាប័នតុលាការ នឹងចាត់វិធានការឲ្យតឹងរឹងជាទីបំផុត បើទោះបីមានកិច្ចអន្ដរាគមន៍ខ្វែងដៃខ្វែងជើង ចង់ឲ្យដោះលែងជននេះក៏ដោយនោះ៕