(ភ្នំពេញ)៖ នៅរយៈពេល៧ខែ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន១០០៥៣៤តោន កើនឡើង២០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែសីហានេះ។
របាយការណ៍បញ្ជាក់ថា រយៈពេល៧ខែមកនេះចំណូលបានពីការនាំចេញជ័រកៅស៊ូរបស់កម្ពុជា មានចំនួនជាង១៤០លានដុល្លារអាមេរិក។ ដោយតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម ១,៤១២ដុល្លារក្នុង១តោន តម្លៃនេះធ្លាក់ចុះ១៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៣៦,២៩៩ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន១៧៣,០១៧ហិកតា ស្មើនឹង៣៩% និងផ្ទៃដីថែទាំមានចំនួន ២៦៣,២៨១ ហិកតា ស្មើនឹង៦១%។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួនចំណូលប្រមាណ៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕