(កណ្តាល)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិខាងក្រោយ ក្នុងភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល បានទទូចសុំឲ្យអាជ្ញាធរ ជួយបើកផ្លូវលំមួយខ្សែចូលភូមិពួកគាត់ ដើម្បីបានធ្វើដំណើរ និងអាចដឹកជញ្ជូនផលកសិកម្មនានាបាន។ មូលហេតុ នៃការទទូចសុំនេះ ដោយសារមានប្រជាពលរដ្ឋ១គ្រួសារ បានលួចរង្កិលផ្ទះចូលលើផ្លូវ រំលោភយកធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួន។
ទោះបីពលរដ្ឋរងគ្រោះនៅក្នុងភូមិខាងក្រោយ ជាច្រើនគ្រួសារនោះ បានប្តឹងផ្តល់គ្នាទៅកាន់អាជ្ញាធរ ចាប់ពីថ្នាក់ភូមិ រហូតដល់ថ្នាក់ឃុំ រហូតដល់តុលាការខេត្តកណ្តាល ប៉ុន្តែនៅតែមិនទទួលបានដំណោះ ស្រាយដដែល ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ។ ផ្លូវនេះទៀតសោត កុំថាឡើយបើករថយន្តដឹកសម្ភារចូល សូម្បីតែរទេះគោ ឬរ៉ឺម៉ក ក៏មិនអាចបើកបរបានដែរ ដោយពួកគាត់ បានអះអាងថា ផ្លូវនេះជាផ្លូវចូលភូមិពួកគាត់តាំងពីដូនតាមកមកម្ល៉េះ ទើបតែឈ្មោះ ជួប ផាត និងប្រពន្ធឈ្មោះ អ៉ឹម សារឿន លួចរង្កិលផ្ទះ រំលោភយកផ្លូវនេះ ដោយមានឈ្មោះ គង់ ដួង ដែលអតីតជាអនុភូមិដើរតួនាទីជាមេភូមិ ក្លែងត្រាឯកសារក្លែងមេដៃអ្នកជិតខាង កាត់ដីផ្លូវបញ្ចូលលើប្លង់កម្មសិទ្ធិរំលោភយកផ្លូវ។
លោកតា សំ សាំង អាយុជាង ១០០ឆ្នាំទៅហើយនោះ ថ្វីត្បិតលោកតានិយាយមិនសូវច្បាស់ តែលោកតា បានចេញមុខអះអាងថា ផ្លូវលំមួយខ្សែនេះ ជាផ្លូវចាស់តាំងពីសង្គមចាស់មកម្លេះ ហើយកាលណោះប្រជាពលរដ្ឋ អាចធ្វើចរាចរណ៍ដឹកកសិផលដោយរថយន្ត រទេះគោបាន បើទោះបីឆ្លងផុតពីសម័យ ប៉ុល ពត តាំងពីឆ្នាំ១៩៧៩មក ក៏អាចធ្វើចរាចរណ៍ដឹកកសិផលដោយរថយន្ត រទេះគោ រ៉ឺម៉កបានដូចគ្នា។ លោកតា បានបន្តថា ប៉ុន្តែតាំងពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន គឺមិនអាចធ្វើចរាចរណ៍ដឹកកសិផលបានទេ ដោយសារគ្រួសារខាងលើ បានរំកិលផ្ទះរំលោភលើដីផ្លូវធ្វើឲ្យផ្លូវរួមតូច។
លោកយាយ ប៊ូ គីម អាយុ៧៧ឆ្នាំ លោកយាយបានទទូចស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយបើកផ្លូវ ក្រៅពីនេះលោកយាយមិនចង់ដឹងឮអ្វីទេ។
ស្ត្រីម្នាក់ឈ្មោះ សំ ចន្ថា បានបញ្ជាក់ឲ្យដឹងដែរថា មូលហេតុដែលប្តីប្រពន្ធខាងលើ ហ៊ានរំកិលផ្ទះរំលោភលើដីផ្លូវ ដោយម្ចាស់ផ្ទះសំអាងលើលិខិតបញ្ជាក់កម្មសិទ្ធិដីធ្លីមួយសន្លឹក ដែលបានធ្វើរំលោភយកផ្លូវទាំងស្រុងចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ ដែលមានព្រំប្រទល់ខាងកើតទល់នឹងឈ្មោះ ប៊ូ គីម និង ផល ថុល។ ស្ត្រីរូបនេះបានបន្ថែមថា តាមពិតដីឈ្មោះ ប៊ូ គីម និង ផល ថុល នៅខាងកើតផ្លូវលំនេះ ហើយឈ្មោះ ប៊ូ គីម និង ផល ថុល បានបញ្ជាក់ថាខ្លួនមិនបានផ្តិតមេដៃលើឯកសារនោះទេ។
ពាក់ព័ន្ធនឹងការស្នើសុំនេះ លោក ប៉ូច លីស្រ៊ុន មេឃុំរកាកោង២ បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះថា រឿងនេះហួសលទ្ធភាពលោកហើយ ព្រោះភាគីទាំងសងខាងបានប្តឹងផ្តល់គ្នាដល់តុលាការហើយ។ បញ្ហានេះ ភាគីម្ចាស់ផ្ទះកំពុងចរចាទិញដីឈ្មោះ ប៊ូ គីម និង ផល ថុល កន្លះម៉ែត្រដើម្បីពង្រីកផ្លូវធ្វើឲ្យបញ្ចប់រឿង។
លោកមេឃុំបានបញ្ជាក់ថា ផ្លូវលំនេះមានតាំងពីសង្គមចាស់ ហើយនៅក្នុងឆ្នាំ២០១៣ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានឧបត្ថម្ភថ្មជាច្រើនឡាន ដើម្បីស្ថាបនាជួសជុលផ្លូវនេះផងដែរ៕