(ភ្នំពេញ)៖ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ ដែលបានមកសម្រាកព្យាបាល រហូតដល់ទៅ ៨,៥៩៣នាក់ និងពិនិត្យជំងឺក្រៅ ៩០,៦៨៤ករណី នៅមន្ទីរពេទ្យ ព្រះអង្គឌួង ក្នុងនោះអ្នកជំងឺសម្រាកពេទ្យមានកំណើនខ្ពស់ គឺកើន៩២.៦ភាគរយប្រៀបនឹងឆមាសទី១ ឆ្នាំ២០១៧។
តាមរបាយការណ៍របស់មន្ទីរពេទ្យព្រះអង្គឌួង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា លទ្ធផលដែលមន្ទីរពេទ្យសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះមាន៖
*ការកាត់បន្ថយគ្រោះថ្នាក់នៃជំងឺអំបៅអំបែកត្រចៀក បាន១០០ភាគរយ
*រយៈពេលសម្រាកព្យាបាលថយចុះពី ៩ថ្ងៃមក៤ថ្ងៃ
*ចំនួនអ្នកជំងឺសម្រាកពេទ្យមានចំនួន ៣,៦៤៩ នាក់ នៃឆមាសទី១ ឆ្នាំ២០១៧ ទៅ ៧,០៨៩នាក់ នៃឆមាសទី១ ឆ្នាំ២០១៨
*ចំនួនអ្នកជំងឺមកពិនិត្យពិគ្រោះជំងឺមានចំនួន ៥២,២៥៦នាក់ ទៅ ៧៣,០៩០នាក់ ។
គួរបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យព្រះអង្គឌួងមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ស្របតាមការណែនាំរបស់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានណែនាគ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ ក្នុងការពិនិត្យព្យាបាលជំងឺដោយមិនរើសអើង ជាពិសេសមន្ទីរពេទ្យបានអនុវត្តន៍នូវការពិនិត្យជំងឺ ដោយចេញវេជ្ជបញ្ជាតាមប្រពន្ធ័កុំព្យូទ័របាន ១០០ភាគរយ។
តែទោះបីមានការរីកចម្រើនយ៉ាងនេះក្ដី ក៏ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យព្រះអង្គឌួង ក៏នៅតែបន្ដខិតខំពង្រឹង និងពង្រីកការងារបន្ថែមទៀត ដើម្បីបំពេញនូវរាល់ការខ្វះខាតទាំងឡាយ ក្នុងគោលមបំណង លើកកម្ពស់ការផ្ដល់សេវាសុខាភិបាល ឲ្យមានលក្ខណៈកាន់តែល្អប្រសើរ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ ដែលក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល បានដាក់ចេញ ៕