(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) គណៈប្រតិភូសមាគមមិត្តភាពអន្តរជាតិ នៃសហព័ន្ឋសហជីពខេត្តយូណានប្រទេសចិន (UPFLU) ចំនួន៦រូប ដឹកនាំដោយលោក Huang Zengkiang បានជួបពិភាក្សាការងារទ្វេរភាគីជាមួយ សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា (NACC) នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដើម្បីរឹតចំណងសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍នៃសហជីពប្រទេសទាំង២ ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាសនេះដែរលោក សោម អូន ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណប្រតិភូសមាគមមិត្តភាពអន្តរជាតិ នៃសហព័ន្ឋសហជីពខេត្តយូរណាន នៃប្រទេសចិន (UPFLU) ដែលនឹងទទួលបាននូវលទ្ឋផលផ្លែការជាវិជ្ជមានជាពិសេសភាគីទាំងពីរ នឹងទទួលបាន វការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះដំណើរទស្សនកិច្ចនេះ នឹងពង្រឹងបាននូវចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ។
ជាមួយនេះដែរលោក សោម អូន ក៏បានលើកឡើង អំពីសភាពការណ៍បច្ចុប្បន្ន នៃចលនាសហជីព ចលនាកម្មករ សភាពការណ៍សេដ្ឋកិច្ច និងសភាពការណ៍នយោបាយនៅកម្ពុជា នៅក្នុងពេលបច្ចុប្បន្ន។
លោក Huang Zengkiang ប្រធានគណប្រតិភូ និងជាអនុប្រធានសមាគមមិត្តភាពអន្តរជាតិ នៃសហព័ន្ធសហជីពខេត្តយូណាន បានសម្តែងនូវមោទនភាព និងថ្លែងអំណរគុណចំពោះលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលបានផ្តួចផ្តើម ឱ្យមានទំនាក់ល្អរវាងសហជីពប្រទេសទាំងពីរ។ លោកក៏បានសង្កត់ធ្ងន់ថា ភាគីសហជីពខេត្តយូណាន នឹងខិតខំពង្រឹងបន្ថែមទៀត ដើម្បីរិតចំណងសាមគ្គីភាព និងពង្រឹងកិច្ចកិច្ចសហការឱ្យបានសុីជម្រៅដើម្បីផលប្រយោជន៍ នៃពលករប្រទេសទាំងពីរ។
នៅក្នុងជំនួបទ្វេរភាគីនេះ ភាគីសហជីពកម្ពុជា បានលើកឡើងនូវបញ្ហា៣ចំនុចដើម្បីពិភាក្សា និងស្នើភាគីសហជីពខេត្តយូណាន ពិនិត្យពិចារណា និងសហប្រតិបត្តិការជួយដល់វិស័យការងារកម្ពុជាគឺទី១៖ ការអប់រំបណ្តុះបណ្តាលសមត្ថភាពដល់សហជីព និងកម្មករ, ទី២៖ សុវត្ថិភាពនៃមធ្យោបាយធ្វើដំណើររបស់កម្មករ និងទី៣៖ អចិន្ត្រៃយ៍នៃលំនៅដ្ឋានកម្មករ។ ភាគីសហជីពខេត្តយូណាន បានទទួលយកសំណើរបស់ភាគីសហជីពកម្ពុជា ដើម្បីយកទៅសិក្សា និងសុំយោបល់ថ្នាក់ដឹកនាំ។
លោក Huang Zengkiang ក៏បានស្នើសុំលោក សោម អូន ពិនិត្យពេលវេលាសមស្របនៅពេលណាមួយ ដើម្បីដឹកនាំគណប្រតិភូ ទៅបំពេញទស្សនកិច្ចនៅខេត្តយូណាន នាពេលខាងមុខនេះ ដើម្បីពង្រឹងចំណងសាមគ្គីភាព និងធ្វើកិច្ចសហប្រតិបត្តិការ ឱ្យបានសុីជម្រៅជាយុទ្ធសាស្ត្រ៕