(ភ្នំពេញ)៖ អ្នកស្រី Tina Susan Redshaw ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេសថ្មី ប្រចាំនៅកម្ពុជា បានសន្យាជួយលើកកម្ពស់វិស័យអប់រំនៅប្រទេសកម្ពុជា តាមរយៈផ្តល់អាហារូបករណ៍ដល់និស្សិត ឲ្យបន្តការសិក្សានៅប្រទេសអង់គ្លេសបន្ថែមទៀត រួមទាំងជួយលើកកម្ពស់ស្រ្តី ធ្វើជាអ្នកដឹកនាំលើគ្រប់វិស័យផងដែរ។
ការថ្លែងបែបនេះ របស់លោកស្រី Susan Redshaw ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឆ្លើយតប សម្តេចក្រឡាហោម ស ខេង បានថ្លែងថា កម្ពុជាពិតជាអគុណចំពោះការសន្យារបស់ប្រទេសអង់គ្លេស ក្នុងការបន្តជួយដល់កម្ពុជា ជាពិសេសលើកកម្ពស់ វិស័យអប់រំនេះតែម្តង។
សម្តេច ស ខេង បានបន្តថា នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាល បានកំពុងលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំជាច្រើនទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយការលើកម្ពស់នេះ គឺនៅតែដដែលដូច្នេះអ្វីដែលអ្នកស្រី Tina Susan Redshaw បានសន្យាបន្ថែមនោះ គឺកម្ពុជាស្វាគមន៍ជានិច្ច ហើយរំពឹងថាវិស័យទាំងនោះ នឹងកាន់តែល្អប្រសើរបន្ថែមទៀតនៅកម្ពុជា។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រាប់ដល់អ្នកស្រី Tina Susan Redshaw ដែរថា រាជរដ្ឋាភិបាលថ្មីដែលបន្តដឹកនាំដោយ គណបក្សប្រជាជនកម្ពុជាដដែលនោះ នឹងធ្វើឲ្យប្រទេសកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយការពារដាច់ខាត់នូវសុខសន្តិភាព ជូនដល់ប្រជាជន និងប្រទេសជាតិទាំងមូលមិនឲ្យប្រទេសវិលត្រឡប់ ទៅរកភាពវិនាសវិញនោះឡើយ។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក៏បានទទួលយកការអញ្ជើញរបស់ប្រទេសអង់គ្លេស ដែលបានអញ្ជើញឲ្យទៅប្រទេសអង់គ្លេស ដើម្បីចូលរួមកិច្ចប្រជុំពិភពលោក ស្តីពីការការពារនូវសត្វព្រៃ ដែលនឹងប្រព្រឹត្តទៅនាដើមខែតុលា ឆ្នាំ២០១៨ខាងមុខផងដែរ៕