(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានអះអាងថា ជាច្រើនឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានប្រែក្លាយពីទឹកដីមួយដ៏កំសត់ ពោរពេញទៅដោយបញ្ហា និងវិបត្ដិឲ្យក្លាយទៅជាទឹកដីមួយដ៏សម្បួរបែប ប្រកបដោយភាពរីកចម្រើន និងមានសក្ដានុពលលើគ្រប់វិស័យ។
ការអះអាងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងបទបង្ហាញ និងសន្និសីទសារព័ត៌មាន ស្ដីពី «គម្រោងសប្បុរសធម៌ ព្យាបាលជំងឺបេះដូងនៅកម្ពុជា» ក្រោមជំនួយមូលនិធិមន្ទីរពេទ្យបំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្ដរជាតិបំរ៉ុងរ៉ាត់ ក្នុងកិច្ចសហការរៀបចំ ដោយស្ថានទូតថៃប្រចាំកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) មន្ទីរពេទ្យកាលម៉ែត្រ និងក្រុមហ៊ុអាកាសចរណ៍ AirAsia។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយ ពីទឹកដីមួយដ៏កំសត់ ពោរពេញទៅដោយបញ្ហា និងវិបត្ដឲ្យក្លាយទៅជាទឹកដីមួយដ៏សម្បួរបែប ប្រកបដោយភាពរីកចម្រើន និងមានសក្ដានុពលលើគ្រប់វិស័យ ក្រោមឥទ្ធិពលនៃសុខសន្ដិភាព ដែលបានផ្ដល់លទ្ធភាពឲ្យរាជរដ្ឋាភិបាល សម្រេចបាននូវគោលដៅសមិទ្ធផលធំៗ ជាច្រើន»។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ក្នុងនោះផ្នែកដ៏ធំមួយ នៃវិស័យសុខាភិបាល គឺតាមរយៈការសម្រេច បាននូវគោលដៅកាត់បន្ថយអត្រាមរណៈភាព ដែលជាលទ្ធផលជាក់ស្ដែង អត្រាមរណៈភាពកុមារពី ១២៤ ក្នុង១,០០០កំណើតរស់នាឆ្នាំ២០០០ មកនៅត្រឹម៤៥ នាឆ្នាំ២០១០ និង អត្រាមរណៈភាពមាតា បានធ្លាក់ពី៤៥០ នៅក្នុង១លានកំណើត នៅឆ្នាំ២០០០ មកនៅត្រឹម២០៦ នៅឆ្នាំ២០១០ និងបានថយចុះជាបន្ដបន្ទាប់។
លោកបានបន្ថែមថា ស្ថិតិឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលបានទទួល សេវាសុខាភិបាល (ពិនិត្យ និងព្យាបាលជំងឺ) នៅតាមមូលដ្ឋានសុខភិបាលសាធារណៈរបស់រដ្ឋ មានចំនួនជាង១០លានករណី ហើយអត្រាស្លាប់ មានចំនួន ទាប ឬ ថយចុះ ០,៨៥% ដែលនេះបានបង្ហាញពីកំណើន នៃការប្រើប្រាស់សេវាសុខាភិបាលរដ្ឋ និងភាពកាន់តែប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។ លើសពីនេះ ប្រេវ៉ាឡង់នៃគ្រប់ទម្រង់ជំងឺឆ្លង ជាច្រើនទៀត ក៏ត្រូវបានកាត់ បន្ថយគួរឲ្យកត់សម្គាល់។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយចាំមួយចំនួន ដើម្បីបង្កើនការគិតគូរ និងយកចិត្ដទុកដាក់ ចំពោះសុខមាលភាពប្រជាពលរដ្ឋ នៅទូទាំង ប្រទេស និងការជំរុញលើកទឹកចិត្ត ឲ្យមានការចូលរួមរបស់វិស័យឯកជន អង្គការសមាគមនានា តាមរយៈកម្មវិធី និងសកម្មភាពមនុស្សធម៌ផ្សេងៗ ដើម្បីផ្ដល់សេវាថែទាំសុខភាព ឲ្យបានកាន់តែទូលំទូលាយ និងការចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា គម្រោងសប្បុរសធម៌ ព្យាបាលជំងឺបេះដូងនៅកម្ពុជា តាមរយៈមូលនិធិមន្ទីរពេទ្យបំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្ដរជាតិ បំរ៉ុងរ៉ាត់ គឺជាការចូលរួមចំណែកដ៏ធំធេងមួយផងដែរ ទោះបីជាយើងនៅប្រទេសខុសគ្នាក្ដី ប៉ុន្ដែទិសដៅរួមរបស់យើង គឺជួយប្រជាពលរដ្ឋ ដែលមានការលំបាក។
ភាពដូចគ្នានេះហើយ ដែលបានទាញយើងទាំងពីរ (កម្ពុជា-ថៃ) និងពីគ្រប់ភាគី ១៖ មូលនិធិមន្ទីរពេទ្យបំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្ដរជាតិ បំរ៉ុងរ៉ាត់, ២៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនកម្ពុជាសម្ដេចតេជោ (TYDA), ៣៖ មន្ទីរពេទ្យស្ម័គ្រកាល់ម៉ែត្រ និងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងក្រុមគ្រូពេទ្យរបស់យើងទាំងអស់រួមគ្នា ជួយដល់មនុស្សជាតិ និងសង្គមជាតិយើង។
ជាមួយគ្នានេះ ខ្ញុំសង្ឃឹមថា មូលនិធិមន្ទីរពេទ្យបំរ៉ុងរ៉ាត់ និងមន្ទីរពេទ្យអន្ដរជាតិ បំរ៉ុងរ៉ាត់ នឹងបន្ដជួយដល់ប្រជាពលរដ្ឋកម្ពុជាថែមទៀតនៅថ្ងៃអនាគត។ នេះជាការបញ្ជាក់បន្ថែម របស់លោក ហ៊ុន ម៉ាណែត៕