(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានបន្តចុះថ្លែងអំណរគុណប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃវែង ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦កន្លងទៅ ព្រមទាំងសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ពីសំណើ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដើម្បីដោះស្រាយឲ្យទាន់ពេលវេលា។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូល បានបន្តស្រលាញ់គាំទ្រ គណបក្សប្រជាជនកម្ពុជា និងគាំទ្រចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដែលពុំធ្លាប់មាន ដោយសម្លេងគាំទ្ររហូតដល់៧១,២១% ប្រៀបជាមួយចំនួនអ្នកបោះឆ្នោតសរុប។
អភិបាលខណ្ឌ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងទៅ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រទេសជាតិ រីកចម្រើនបន្តទៀត ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ឲ្យបានទទួលជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញយ៉ាងច្បាស់ថា បងប្អូនត្រូវការសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ត្រូវការសន្តិភាព និងការអភិវឌ្ឍបន្តទៀត។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខប្រជាពលរដ្ឋ ពីសំណាកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហាកង្វល់ និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន៕