(ស៊ីដនី)៖ ពីឡុតអូស្ត្រាលីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យរបស់ខ្លួនបានធ្លាក់នៅចំងាយ ២៣០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងស៊ីដនី ខណៈកំពុងតស៊ូប្រយុទ្ធជាមួយភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះលើផ្ទៃដី ១,៧០០ហិកតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យអាជ្ញាធរសុវត្ថិភាពអាកាសចរណ៍ស៊ីវិលអូស្ត្រាលី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា ឧទ្ធម្ភាគចក្រ Kawasaki BK117 មួយគ្រឿងបានធ្លាក់នៅក្បែរទីក្រុង អ៊ូលឡាឌូលឡា (Ulladulla) នៅម៉ោងប្រមាណ ២៖១៥នាទីរសៀលថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់)។
ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់នៅឡើយទេ ស្របពេលអាកាសធាតុក្ដៅ និងខ្យល់បក់ខ្លាំង កំពុងបង្កឧបសគ្គដល់ក្រុមអ្នកពន្ត់អគ្គិភ័យ ហើយក៏គេជឿជាក់ដែរម្នាក់តែពីឡុតម្នាក់ប៉ុណ្ណោះស្ថិតនៅលើឧទ្ធម្ភាគចក្រដែលបានធ្លាក់នេះ៕