(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម មានទាំងកម្លាំងនគរបាល និងខណ្ឌរដ្ឋបាលជលផលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បានបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំកោះសំរោង និងឃុំអូរទួលរកា ស្រុកកំពង់សៀម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសនេះ លោកបានចាត់បញ្ជា អធិការនគរបាលស្រុកកំពង់សៀម សហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តឃុំកោះសំរោង និងអូរទួលរកា ស្រុកកំពង់សៀម។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញដកហូតបាន លបស្បៃ (សៃ) ចំនួន៦វង់, ព្រួលប្រវែង៣០០ម៉ែត្រ, បង្គោលឬស្សីចំនួន៩០ដើម និងចាក់លែងកូនត្រីចម្រុះ ចំនួន៦០គីឡូក្រាម។ ចំពោះសម្ភារឧបករណ៍វត្ថុតាង បានដុតបំផ្លាញចោលនៅនិងកន្លែង៕